FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នេប៉ាល់ត្រូវការថវិកាខ្ទង់៥ពាន់លានដុល្លារ ដើម្បីស្តារប្រទេសឡើងវិញ ខណៈតួលេខអ្នកបាត់ខ្លួនក្នុងមហន្តរាយទឹកជំនន់ លោតឡើងដល់ជិត៣០០០នាក់ (Video inside)

29-08-2026 14:30

(កដ្ឋមណ្ឌូ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុនេប៉ាល់ លោក Swarnim Wagle នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសនេប៉ាល់ អាចត្រូវការថវិកាចន្លោះពី ៤ពាន់លានដុល្លារ ដល់៥ពាន់លានដុល្លារ ដើម្បីស្តារប្រទេសឡើងវិញ បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយនៅសប្តាហ៍នេះ។ វាជាចំនួនថវិកាមួយស្មើនឹងជិត១ភាគ១០នៃទំហំសេដ្ឋកិច្ចរបស់ប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Wagle បាននិយាយថា «ការប៉ាន់ស្មានជាបឋម គឺចន្លោះពី ៤ ទៅ ៥ ពាន់លានដុល្លារ។ នេះគ្រាន់តែជាការប៉ាន់ប្រមាណដំបូងប៉ុណ្ណោះ។ យើងនឹងត្រូវការតិចជាងឆ្ងាយ ពីអ្វីដែលយើងធ្លាប់ត្រូវការសម្រាប់គ្រោះរញ្ជួយដីឆ្នាំ២០១៥។ ទោះជាយ៉ាងណា ទំហំនៃការខូចខាត និងការបាត់បង់ កំពុងស្ថិតក្រោមការវាយតម្លៃ»

កាលពីថ្ងៃពុធសប្តាហ៍នេះ បាតុភូតបាក់ស្រុតផ្ទាំងទឹកកកពីលើភ្នំ បានបង្កឱ្យមានលំហូរទឹកដ៏មហិមាដែលផ្ទុកទៅដោយ ថ្ម ទឹកកក ភក់ និងកម្ទេចកម្ទីរផ្សេងៗ វាយប្រហារប្រៀបដូចទៅនឹងរលកយក្សស៊ូណាមិ នៅតាមប្រព័ន្ធទន្លេក្នុងតំបន់ជ្រលងភ្នំហិមាល័យ ត្រង់ចំណុចព្រំប្រទល់រវាងនេប៉ាល់ និងតំបន់ទីបេរបស់ប្រទែសចិន។ គ្រោះមហន្តរាយនេះ បានសម្លាប់មនុស្សយ៉ាងហោចជាង ៦០០នាក់ នៅនេប៉ាល់និងតំបន់ទីបេ ខណៈមនុស្សជិត ៣០០០នាក់ទៀត កំពុងតែបន្តបាត់ខ្លួន។ ទឹកជំនន់ដ៏កាចសាហាវនេះ បានលេបត្របាក់សហគមន៍នៅតំបន់ព្រំដែន រួមជាមួយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាស្ពាននិងផ្លូវ ព្រមទាំងធ្វើឱ្យស្ថានីយវារីអគ្គិសនីធំៗ រងការខូចខាត។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់នេប៉ាល់ បានបង្កើនចំនួនអ្នកបាត់ខ្លួនយ៉ាងគំហុក ឡើងដល់២៤២៦នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ហើយចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះ ក៏បានកើនឡើងដូចគ្នា គឺដល់៦២៦នាក់ រយៈពេល៣ថ្ងៃ បន្ទាប់ពីការវាយប្រហារនៃទឹកជំនន់។ តួលេខខាងលើ គឺរួមបញ្ចូលការកើនឡើងយ៉ាងច្រើននៃជនជាតិនេប៉ាល់ផ្ទាល់ ដែលត្រូវបានរាយការណ៍ថាបាត់ខ្លួន ហើយវាបានកើនពីតួលេខ១៩២៤នាក់ កាលពីយប់កន្លងទៅនេះ។ យោងតាមអាជ្ញាធរនេប៉ាល់ ចំនួនជនបរទេសដែលបាត់ខ្លួន គឺនៅ៥១៧នាក់ដដែល។

រដ្ឋមន្រ្តីហិរញ្ញវត្ថុនេប៉ាល់ លោក Wagle មិនបានពន្យល់លម្អិតថា ហេតុអ្វីបានជាការប៉ាន់ស្មានថវិកាសម្រាប់ការស្តារឡើងវិញ ត្រូវបានរំពឹងថា នឹងទាបជាងថវិកាទំហំ៩ពាន់លានដុល្លារ ដែលនេប៉ាល់បានចំណាយ បន្ទាប់ពីមហន្តរាយរញ្ជួយដីកម្រិត ៧,៨ រិចទ័រ កាលពីឆ្នាំ២០១៥ ដែលជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុត ក្នុងកំណត់ត្រារបស់ប្រទេស។ រញ្ជួយដីកាលពីពេលនោះ បានផ្តាច់ជីវិតមនុស្សជិត ៩០០០នាក់ បំផ្លាញលំនៅឋានជាង៥០ម៉ឺនខ្នង និងបង្កការខូចខាត ដែលគេប៉ាន់ស្មានថា ស្មើនឹងប្រហែល ១ភាគ៣នៃសេដ្ឋកិច្ចនេប៉ាល់។

គួរបញ្ជាក់ថា ទោះជាយ៉ាងណា គ្រោះមហន្តរាយទឹកជំនន់កាលពីថ្ងៃពុធសប្តាហ៍នេះ នឹងក្លាយជាការប៉ះទង្គិចដ៏ធ្ងន់មួយ ចំពោះសេដ្ឋកិច្ចនេប៉ាល់ ដែលពឹងផ្អែកលើការផ្ញើប្រាក់ពីពលករចំណាកស្រុក វិស័យទេសចរណ៍ ហើយនិងថាមពលវារីអគ្គិសនី។ គ្រោះមហន្តរាយនេះ បានធ្វើឱ្យគម្រោងផលិតថាមពលរងការខូចខាត ខណៈពួកវារ៉ាប់រងជាង១២ភាគរយ នៃសមត្ថភាពផលិតអគ្គិសនីសរុបរបស់ប្រទេសនេប៉ាល់៕