ចិន ដកតំណែងឧត្តមសេនីយ៍កំពូលពីររូប ចេញពីគណៈកម្មាធិការយោធាមជ្ឈិមរដ្ឋ
28-08-2026 18:56
(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រនេះ បានសម្រេចដកតំណែងមន្ត្រីយោធាជាន់ខ្ពស់ពីររូប គឺលោក Zhang Youxia និងលោក Liu Zhenli ចេញពីមុខតំណែងនៅក្នុងគណៈកម្មាធិការយោធាមជ្ឈិមរដ្ឋ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ ដោយដកស្រង់សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។
ការស៊ើបអង្កេតលើលោក Zhang Youxia ដែលជាមន្ត្រីយោធាមានឥទ្ធិពលលំដាប់ទីពីរ បន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងនាមជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម និងជាសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ព្រមទាំងលោក Liu Zhenli ដែលជាសមាជិកគណៈកម្មាធិការយោធាមជ្ឈិម និងជាប្រធានសេនាធិការចម្រុះនៃគណៈកម្មាធិការយោធាមជ្ឈិម ត្រូវបានប្រកាសឡើងតាំងពីខែមករា ក្រោមការសង្ស័យថាបាន «រំលោភវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា ប្រទេសចិនមានរចនាសម្ព័ន្ធគណៈកម្មាធិការយោធាមជ្ឈិមស្របគ្នាពីរ គឺរបស់រដ្ឋ និងរបស់បក្សកុម្មុយនីស្តចិន។ ការប្រកាសកាលពីថ្ងៃសុក្រនេះ គឺពាក់ព័ន្ធតែនឹងតំណែងរបស់លោក Zhang និងលោក Liu នៅក្នុងគណៈកម្មាធិការយោធាមជ្ឈិមរដ្ឋប៉ុណ្ណោះ ខណៈដែលអ្នកទាំងពីរមិនទាន់ត្រូវបានដកតំណែងជាផ្លូវការចេញពីគណៈកម្មាធិការយោធាមជ្ឈិមរបស់បក្សកាន់អំណាចនៅឡើយទេ៕


