FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង គាំទ្រកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីបើកកិច្ចចរចាឡើងវិញជាមួយកូរ៉េខាងជើង (Video inside)

28-08-2026 10:22

(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi ⁠Sung-lac បាននិយាយនៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ថាកូរ៉េខាងត្បូងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីបើកកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ខណៈលោក ត្រាំ ផ្ទាល់ បានលើកឡើងម្ដងហើយម្ដងទៀតពីបំណងចង់ជួបលោក គីម ជុងអ៊ុនសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។​

លោក Wi ⁠Sung-lac បានប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថាទីក្រុងសេអ៊ូលជឿជាក់ថាការចាប់ផ្ដើមកិច្ចចរចាឡើងវិញរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គួរតែផ្តោតលើ​ភាពរីកចម្រើនពិតប្រាកដស្ដីពីបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង តែក៏មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការត្រៀមលក្ខណៈការពារសន្តិសុខរបស់កូរ៉េខាងត្បូងនោះដែរ។ បើតាមលោក Wi ⁠Sung-lac កូរ៉េខាងត្បូងនឹងគាំទ្រយ៉ាងសកម្មដល់ការកសាងវិធានការស្ដារទំនុកចិត្ត និងការចាប់ផ្ដើមកិច្ចចរចាឡើងវិញរវាងកូរ៉េទាំង២។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នឹងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធ្វើតេស្ដលើការត្រៀមលក្ខណៈទប់ទល់នឹងការគំរាមកំហែងដោយមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក ត្រាំ កំពុងព្យាយាមបើកផ្លូវឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ទាប់ពីមេដឹកនាំទាំង២ធ្លាប់ជួបគ្នាកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩៕