«បណ្ណាល័យឡានឆាង-មេគង្គ» ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ
23-08-2026 16:02
(សៀមរាប)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ «បណ្ណាល័យឡានឆាង-មេគង្គ»ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី និង លោក លូ ឈីជឺ (Lu Qizhi) អគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំខេត្តសៀមរាប។
ក្នុងនាមម្ចាស់ជំនួយ លោក ចាង ជីនធីង (Zhang Jinting) ប្រធានមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពផ្សាយ និងចែកចាយសៀវភៅ និងទស្សនាវដ្តីនៅក្រៅប្រទេស បានថ្លែងសារតាមវីដេអូថា៖ «គុណតម្លៃរបស់សៀវភៅ ការបណ្តុះបណ្តាលស្មារតីរបស់កុមារ បានរួមដំណើរឆ្ពោះទៅ អនាគតជាមួយគ្នានៅក្នុង«បណ្ណាល័យមេគង្គ-ឡានឆាង»។ តាមរយៈកម្មវិធីសប្បុរសធម៌ «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា ភាគីចិន បានរួមសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការកែលម្អ «បណ្ណាល័យមេគង្គ-ឡានឆាង» នៅក្នុងសាលាបឋមសិក្សាបន្ទាយសំរ៉ែ ដែលនឹងរួមចំណែកបន្ថែមគុណតម្លៃជីវិតសិក្សារបស់សិស្ស ក្នុងការទទួលបានចំណេះដឹងថ្មី ពង្រីកទស្សនវិស័យ និងទទួលបានការរីកចម្រើនតាមរយៈការអាន។
លោក លូ ឈីជឺ (Lu Qizhi) អគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ចាប់តាំងពីកម្មវិធីសប្បុរសធម៌ «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២១ មក គ្រាប់ពូជនៃចំណេះដឹងត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាប្រទេសតាមដងទន្លេឡានឆាង-មេគង្គ។ លោកបន្ថែមថាពីបណ្ណាល័យទី១នៅខេត្តព្រៃវែង បន្តទៅបណ្ណាល័យទី២នៅខេត្តកណ្តាល ទី៣នៅរាជធានីភ្នំពេញ ហើយថ្ងៃនេះ បណ្ណាល័យទី៤ នៅខេត្តសៀមរាប ដែលជាចលករនាំអរិយធម៌បុរាណកម្ពុជារាប់ពាន់ឆ្នាំ និងវិមានចំណេះដឹងថ្មី គឺ«បណ្ណាល័យឡានឆាង-មេគង្គ»ទី៤នេះបានមកជួបគ្នា។
តំណាងលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងក្នុងនាមសិស្សានុសិស្ស និងប្រជាជនក្នុងស្រុកបន្ទាយស្រី លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានសម្តែងការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតចិនប្រចាំកម្ពុជា និងភាគីចិនទាំងអស់ ដែលបានរួមគ្នាជួយកែលម្អ «បណ្ណាល័យឡានឆាង-មេគង្គ»ទី៤នេះដែលវាមិនត្រឹមតែជាបណ្ណាល័យមួយប៉ុណ្ណោះទេ ប៉ុន្តែជាគម្រោងសប្បុរសធម៌ដ៏សំខាន់មួយ ដែលបណ្តុះក្តីសង្ឃឹម និងអនាគតរបស់កុមារកម្ពុជា។
លោកបានបន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យទី៤ «ឡានឆាង-មេគង្គ» នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ មិនត្រឹមតែជាសកម្មភាពសប្បុរសធម៌មួយនៅក្នុងវិស័យអប់រំមូលដ្ឋានរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការតភ្ជាប់កាន់តែជិតស្និទ្ធរវាង សៀវភៅ ចំណេះដឹង ការអប់រំ និងមិត្តភាពកាន់តែប្រពៃនៃទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជា-ចិន។
ក្នុងនាមអ្នកសម្របសម្រួល លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានយល់ស្របជាមួយលោក តាន់ ប៊ុនហូយ នាយកសាលាបឋមសិក្សាបន្ទាយសំរ៉េដែលបានថ្លែងថា គម្រោងកែលម្អ«បណ្ណាល័យឡានឆាង-មេគង្គ» ជាបទពិសោធន៍ដ៏ល្អមួយនៃការតភ្ជាប់ចិត្តប្រជាជន និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយសិស្សានុសិស្សនៅកម្ពុជាតែង ចាត់ទុកបណ្ណាល័យនេះជា «ថ្នាក់រៀនទី២» និងជា «ផ្ទះទី២» របស់ខ្លួនក្នុងការលើកកម្ពស់វប្បធម៌អំណាន និងសិក្សា៕
វិទ្យុមិត្តភាពកម្ពុជាចិន











