FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង នឹងសាកល្បងផ្លូវដឹកទំនិញទៅកាន់ទ្វីបអឺរ៉ុប តាមមហាសមុទ្រអាកទិក (Video inside)

20-08-2026 16:53

(សេអ៊ូល)៖ កូរ៉េខាងត្បូង នឹងបញ្ជូននាវាដឹកទំនិញមួយគ្រឿងទៅកាន់ទ្វីបអឺរ៉ុប តាមផ្លូវសមុទ្រតំបន់អាកទិក នាថ្ងៃសៅរ៍ចុងសប្តាហ៍ ដើម្បីសាកល្បងថា តើផ្លូវដែលកកើតដោយការរលាយទឹកកកសមុទ្រមួយនេះ អាចផ្តល់ផលចំណេញផ្នែកពាណិជ្ជកម្មបានដែរឬទេ ប៉ុន្តែវាក៏បង្កហានិភ័យនៃការប៉ះទង្គិចផ្នែកការទូត ជាមួយសម្ព័ន្ធមិត្តលោកខាងលិចផងដែរ ដោយសារតែដំណើរនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការពីរុស្ស៉ី។ នេះបើ់យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ប្រសិនបើទទួលបានជោគជ័យ វានឹងក្លាយជាដំណើរដឹកជញ្ជូនពាណិជ្ជកម្មលើកដំបូងរបស់កូរ៉េខាងត្បូង ទៅកាន់ទ្វីបអឺរ៉ុបតាមរយៈតំបន់អាកទិក ក្នុងចំណោមប្រទេសមួយចំនួនតូច រួមទាំងចិន រុស្ស៉ី ដែលមានក្រុមហ៊ុនដឹកជញ្ជូនបានសាកល្បង ឬដំណើរការដឹកជញ្ជូនទំនិញតាមផ្លូវនេះ។ ក្រុមហ៊ុន PanStar បានឱ្យដឹងថា នាវា PanStar Acro នឹងធ្វើដំណើរចេញពីកំពង់ផែ Busan ឆ្ពោះទៅទិសខាងជើង ដោយឈប់សំចតនៅទីក្រុង Felixstowe របស់ចក្រភពអង់គ្លេស ទីក្រុង Rotterdam របស់ហូឡង់ និងទីក្រុង Gdansk របស់ប៉ូឡូញ មុនពេលធ្វើដំណើរត្រឡប់មកវិញ។ ការធ្វើដំណើរទាំងទៅទាំងមកអាចចំណាយពេល ៤០ ទៅ ៤៥ថ្ងៃ។

មន្ត្រីម្នាក់នៃក្រុមធ្វើដំណើរបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ខែកញ្ញា ជាពេលដែលការធ្វើដំណើរតាមផ្លូវសមុទ្រនេះអាចប្រព្រឹត្តទៅបាន ដោយកម្រិតទឹកកកសមុទ្រនៅតំបន់អាកទិក នឹងចុះដល់កម្រិតទាបបំផុតប្រចាំឆ្នាំ ដែលធ្វើឱ្យការធ្វើនាវាចរណ៍មានសុវត្ថិភាពជាងមុន។ មន្ត្រីរូបនេះ មិនត្រូវបានអនុញ្ញាតឱ្យផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយឡើយ។

ស្របពេលជាមួយគ្នា អ្នកការទូតលោកខាងលិចហាក់មិនពេញចិត្តនឹងផែនការនេះទេ ដោយសារតែវាតម្រូវឱ្យទីក្រុងសេអ៊ូល ពិភាក្សាជាមួយរុស្ស៉ី និងស្នើសុំការអនុញ្ញាតសម្រាប់ការធ្វើដំណើរ។ ក្រសួងកិច្ចការមហាសមុទ្ររបស់កូរ៉េខាងត្បូង និងក្រសួងការបរទេសរុស្ស៉ី មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេ៕