វៀតណាម ស្នើលុបបំបាត់ទោសប្រហារជីវិតសម្រាប់បទល្មើសចំនួន៦ទៀត (Video inside)
20-08-2026 14:26
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានស្នើលុបបំបាត់ទោសប្រហារជីវិតសម្រាប់បទល្មើសចំនួន៦ ក្នុងនោះរួមទាំងការជួញដូរគ្រឿងញៀន និងការរំលោភបំពានផ្លូវភេទលើអនីតិជន ដែលជាផ្នែកមួយនៃការកែសម្រួលក្រមព្រហ្មទណ្ឌរបស់ប្រទេស ដែលត្រូវបានដាក់ទៅកាន់សភា នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម លោក Luong Tam Quang បានថ្លែងប្រាប់រដ្ឋសភាថា សេចក្តីព្រាងច្បាប់នេះ នឹងរក្សាការអនុវត្តទោសប្រហារជីវិត សម្រាប់តែបទឧក្រិដ្ឋចំនួន ៤ប៉ុណ្ណោះ រួមមាន ក្បត់ជាតិ ឃាតកម្ម ភេរវកម្ម និងការផលិតគ្រឿងញៀនខុសច្បាប់។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីដើមសប្តាហ៍នេះថា ការកាត់បន្ថយវិសាលភាពដូចខាងលើ គឺដើម្បីអនុវត្តឱ្យចេញជារូបរាង នូវគោលនយោបាយរបស់បក្សកុម្មុយនីស្តវៀតណាម ស្របតាមការវិវត្តនៃនិន្នាការនីតិកម្មអន្តរជាតិ និងជួយពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ជាមួយបណ្តាប្រទេសដទៃទៀត។
សំណើនេះធ្វើឡើងបន្ទាប់ពីវិសោធនកម្មដែលចូលជាធរមានកាលពីខែកក្កដា ឆ្នាំ២០២៥ ដែលបានលុបបំបាត់ទោសប្រហារជីវិត សម្រាប់បទល្មើសចំនួន៨ ក្នុងនោះរួមទាំង ការលួចបន្លំយកប្រាក់ និងសកម្មភាពដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល។ យោងតាមកាសែតវៀតណាម VnExpress ក្រោមសេចក្តីព្រាងច្បាប់ថ្មី បទល្មើសផ្សេងទៀត ដែលនឹងលែងត្រូវផ្តន្ទាទោសប្រហារជីវិតតទៀតនោះ រួមមាន កុបកម្ម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
រដ្ឋសភាវៀតណាម ត្រូវបានរំពឹងថា នឹងបើកពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ មុននឹងដាក់ឱ្យបោះឆ្នោតនៅក្នុងសម័យប្រជុំបន្ទាប់ ដែលនឹងចាប់ផ្តើមនៅខែតុលា។ កាសែត Tuoi Tre បានរាយការណ៍ថា ប្រសិនបើត្រូវបានអនុម័ត ក្រមព្រហ្មទណ្ឌដែលកែសម្រួល នឹងចូលជាធរមាននៅខែមីនា ឆ្នាំ២០២៧។
គួរបញ្ជាក់ថា ទិន្នន័យស្តីពីទោសប្រហារជីវិត គឺជាការសម្ងាត់របស់រដ្ឋនៅប្រទេសវៀតណាម ហើយគេមិនដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់ កំពុងរង់ចាំការប្រហារជីវិត នៅក្នុងប្រទេសអាស៊ានមួយនេះនោះទេ។ ការចាក់ថ្នាំពុល គឺជាវិធីសាស្រ្តតែមួយគត់នៃការប្រហារជីវិត បន្ទាប់ពីការលុបបំបាត់វិធីសាស្រ្តប្រហារជីវិត ដោយការបាញ់សម្លាប់ កាលពីឆ្នាំ២០១១៕
