FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថាបនិកអតីតក្រុមហ៊ុនអចលនទ្រព្យកំពូលរបស់ចិន ត្រូវតុលាការកាត់ទោសឱ្យជាប់គុកមួយជីវិត និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ (Video inside)

20-08-2026 13:28

(ហុងកុង)៖ មហាសេដ្ឋីចិនដែលជាស្ថាបិនអតីតក្រុមហ៊ុនចលនទ្រព្យយក្សរបស់ប្រទេសចិន China Evergrande Group ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ ត្រូវបានបញ្ជាឱ្យរឹបអូស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នាថ្ងៃព្រហស្បតិ៍នេះ តុលាការមួយនៅភាគខាងត្បូងប្រទេសចិន បានពិន័យក្រុមហ៊ុន Evergrande រួមជាមួយបុត្រសម្ព័ន្ធ គិតជាទឹកប្រាក់សរុប១៥,៨២ពាន់លានយ័ន (២,៤ពាន់លានដុល្លារអាមេរិក) ហើយបានកាត់ទោសស្ថាបនិក លោក Xu Jiayin ដែលត្រូវគេស្គាល់ដោយឈ្មោះមួយទៀតថា Hui Ka Yan ដាក់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋជាច្រើន ក្នុងនោះរួមទាំង «ការឆបោកហិរញ្ញវត្ថុទ្រង់ទ្រាយធំ»

តុលាការនៅទីក្រុង Shenzhen នៃខេត្ត Guangdong បានប្រកាសឱ្យដឹងដូច្នេះថា «លោក Xu Jiayin ត្រូវបានផ្តន្ទាទោសក្រោមបទឧក្រិដ្ឋជាច្រើន និងពិន័យជាប្រាក់ ហើយត្រូវបានកាត់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត រួមជាមួយការដកហូតសិទ្ធិនយោបាយពេញមួយជីវិត និងការរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់លោក»

ក្រៅពីការកាត់ទោសលោក Hui តុលាការទីក្រុង Shenzhen បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានពិន័យក្រុមហ៊ុន Evergrande ចំនួន ៨,៨២ពាន់លានយ័ន (១,៣១ពាន់លានដុល្លារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យដ៏សំខាន់របស់ខ្លួនគឺ Hengda Real Estate ចំនួន៧ពាន់លានយ័ន ហើយថែមទាំងកាត់ទោសនាយកជាន់ខ្ពស់ ៥នាក់ផ្សេងទៀត ឱ្យបង់ប្រាក់ពិន័យ និងជាប់ពន្ធនាគាររយៈពេលចន្លោះពី ៦ឆ្នាំទៅ១៨ឆ្នាំ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍអចលនាទ្រព្យលំដាប់កំពូលបំផុតរបស់ចិន បានបាត់បង់សមត្ថភាពសងបំណុលភាគច្រើន នៃបំណុលដ៏ច្រើនលើសលប់រហូតដល់ ៣០០ពាន់លានដុល្លាររបស់ខ្លួន ចាប់តាំងពីឆ្នាំ២០២១ ហើយប្រកាសក្ស័យធននៅប៉ុន្មានឆ្នាំក្រោយ៕