រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង៖ កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ចន្លោះពី ៨០ ដល់ ១២០គ្រាប់ (Video inside)
20-08-2026 10:28
(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាកូរ៉េខាងជើងត្រូវបានប៉ាន់ស្មានថាមានអាវុធនុយក្លេអ៊ែរចន្លោះពី ៨០ ដល់១២០គ្រាប់ តែមិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Ahn Gyu-back ធ្វើការកត់សម្គាល់បែបនេះប្រាប់សមាជិកសភាកូរ៉េខាងត្បូង និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរដ៏មានថាមពល ៥៧គ្រាប់ ហើយនេះជាលើកដំបូងបំផុតដែលលោក ត្រាំ លើកឡើងពីតួលេខជាក់លាក់ពាក់ព័ន្ធនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ «យើងបានវាយតម្លៃថាកូរ៉េខាងជើង ប្រហែលជាមានអាវុធនុយក្លេអ៊ែរចន្លោះពី៨០ ទៅ ១២០គ្រាប់»។ នេះជាការគូសបញ្ជាក់របសលោកប្រមុខការពារកូរ៉េខាងត្បូង ប្រាប់សមាជិកសភា។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ថារូបលោកមានគម្រោងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុង ឆ្នាំ២០២៦នេះ ហើយថាកូរ៉េខាងជើងកំពុងកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពល ៥៧គ្រាប់។
ការលើកឡើងបែបនេះកើតមានឡើងបន្ទាប់ពីលោក ត្រាំ បានបញ្ជាឱ្យមន្ទីរបញ្ចកោណ កាត់បន្ថយរយៈពេល និងបង្រួមការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន និងការខឹងសម្បារចំពោះកូរ៉េខាងត្បូងដែលមិនបានជួយអាមេរិក ក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់៕




