FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី គីម យ៉ូចុង ច្រានចោលការលើកឡើងរបស់លោក ហ្សេលេនស្គី ជុំវិញគម្រោងបញ្ជូនទ័ពកូរ៉េខាងជើងបន្ថែមទៅកាន់រុស្ស៉ី

19-08-2026 21:56

(សេអ៊ូល)៖ លោកស្រី គីម យ៉ូចុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលថាទីក្រុងព្យុងយ៉ាងគ្រោងបញ្ជូនកងទ័ពបន្ថែមរហូតដល់ ៥០,០០០នាក់ទៅកាន់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA លោកស្រី គីម យ៉ូចុង មន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាចកូរ៉េខាងជើង បានគូសបញ្ជាក់ថា ការវាយតម្លៃរបស់លោក ហ្សេលេនស្គី គឺ «គ្មានមូលដ្ឋានច្បាស់លាស់» និងជា «រឿងប្រឌិតឡើងដោយខ្លួនឯង»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះសារលើបណ្តាញសង្គម X និងបានអំពាវនាវឱ្យកូរ៉េខាងត្បូងផ្តល់ជំនួយប្រព័ន្ធការពារដែនអាកាសដល់ប្រទេសរបស់ខ្លួន។

លោកស្រី គីម បានបន្ថែមថា ការផ្ទុះឡើង និងការពន្យារពេលនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន គឺជាការទទួលខុសត្រូវទាំងស្រុងរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច។ លើសពីនេះ លោកស្រីក៏បានលើកឡើងផងដែរថា «គោលនយោបាយអរិភាព» របស់សហរដ្ឋអាមេរិកមកលើកូរ៉េខាងជើង គឺមិនបានផ្លាស់ប្តូរនោះឡើយ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូងក៏ដោយ។

លោកស្រីបានគូសបញ្ជាក់ទៀតថា ទោះបីជាទំនាក់ទំនងរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង «ពិតជាអស្ចារ្យ» ក៏ពិតមែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែបន្តធ្វើសមយុទ្ធជាមួយទីក្រុងសេអ៊ូល ដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់កូរ៉េខាងជើង។ លោកស្រីក៏បានបន្ថែមថា ខ្លួនមិនបានដឹងពីការទាក់ទងណាមួយនាពេលថ្មីៗនេះរវាងមេដឹកនាំទាំងពីរនោះទេ បន្ទាប់ពីលោក ត្រាំ បានលើកឡើងកាលពីថ្ងៃចន្ទថាលោកទទួលបានការឆ្លើយតបពីលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា យោងតាមការប៉ាន់ប្រមាណ កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណ ១៤,០០០នាក់ទៅកាន់តំបន់ Kursk នៃប្រទេសរុស្ស៉ីកាលពីឆ្នាំ២០២៤ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ទីក្រុងព្យុងយ៉ាង។ លើសពីនេះ បើតាមការវាយតម្លៃរបស់អ៊ុយក្រែន និងស្ថាប័នឯករាជ្យ ទីក្រុងព្យុងយ៉ាងក៏បានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីលផ្លោង និងប្រព័ន្ធរ៉ុក្កែតរាប់លានគ្រាប់ទៅឱ្យរុស្ស៉ីផងដែរ៕