បទវិភាគ៖ ឆ្ពោះទៅរកភាពថ្មី គុណភាពល្អនិងភាពល្អប្រសើរ សេដ្ឋកិច្ចចិនបន្តដើរទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំ
18-08-2026 17:47
(ប៉េកាំង)៖ "តម្លៃបន្ថែមនៃឧស្សាហកម្មធុនធំនិងមធ្យមនៅទូទាំងប្រទេសចិនកើនឡើង ៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន" "ទំហំសរុបនៃការនាំចេញ-នាំចូលទំនិញកើនឡើង១៧,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន" "បរិមាណផលិតមនុស្សយន្តឧស្សាហកម្មកើនឡើង ២៨,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន"...តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៧ ខែសីហាឱ្យដឹងថា៖ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មធុនធំ និងមធ្យមនៅទូទាំងប្រទេសចិន បានកើនឡើង៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន សន្ទស្សន៍ផលិតកម្មនៃឧស្សាហកម្មសេវាកម្មនៅទូទាំងប្រទេសចិន បានកើនឡើង៤,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំសរុបនៃការនាំចេញ-នាំចូលទំនិញបានកើនឡើង១៧,៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ និងសេវាកម្មក្នុងសង្គមបានកើនឡើង២,៦% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ដូច្នេះ សេដ្ឋកិច្ចជាតិចិនរក្សាបា ននូវស្ថិរភាពជាទូទៅនិងនិន្នាការឆ្ពោះទៅរកភាពថ្មីនិងគុណភាពល្អ។
នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន បានកើនឡើង៤,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលស្របតាមគោលដៅរំពឹងទុក នៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ សេដ្ឋកិច្ចចិនបានដើរទៅមុខក្រោមសម្ពាធ ដោយបង្ហាញពីភាពធន់និងកម្លាំងរស់រវើកយ៉ាងខ្លាំង ។
កាលពីថ្ងៃទី ៣០ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ កិច្ចប្រជុំលើកនេះបានលើកឡើងថា “នឹងជំរុញឱ្យសេដ្ឋកិច្ចចិនបន្តឆ្ពោះទៅរកភាពថ្មី គុណភាពល្អនិងភាពល្អប្រសើរ ហើយខិតខំសម្រេចបាននូវការចាប់ផ្តើមល្អនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”។ ឆ្លងតាមរយៈពាក្យគន្លឹះទាំងបីគឺ "ឆ្ពោះទៅរកភាពថ្មី" "ឆ្ពោះទៅរកគុណភាពល្អ" និង "ឆ្ពោះទៅរកភាពល្អប្រសើរ" យើងអាចយល់ដឹងពីទិសដៅ ការងារសំខាន់ៗនិងតក្កវិជ្ជាអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិននៅឆមាសទីពីរ។
កម្លាំងចលករឆ្ពោះទៅរកភាពថ្មី គឺជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន។ នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញ "ផលិតផលថ្មីបីប្រភេទ" (គឺរថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលសូឡា) របស់ចិនបានកើនឡើង៤៦,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការនាំចេញសៀគ្វីរួមបញ្ចូលគ្នា ដែលគិតថ្លៃតាមប្រាក់យាន់ចិនបានកើនឡើង៨៨,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ការនាំចេញមនុស្សយន្តវះកាត់បានកើនឡើង៣,៣ដងបើប្រៀបធៀបនឹងរយៈពេល ដូចគ្នានាឆ្នាំមុន ហើយទំហំសរុបនៃការផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យាឱសថច្នៃប្រឌិតថ្មីទៅកាន់ក្រៅប្រទេសមានចំនួនប្រហែល ១១០ពាន់លានដុល្លារអាមេរិក... នៅក្នុងបញ្ជីនាំចេញទំនិញនៃពាណិជ្ជកម្មអន្តរជាតិ មាន"ភាពថ្មី"កាន់តែច្រើនឡើងៗ។
រចនាសម្ព័ន្ធឆ្ពោះទៅរកគុណភាពខ្ពស់ គឺជាបម្រែបម្រួលដ៏វិជ្ជមាន នៃសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន ។ នៅឆមាសទីមួយឆ្នាំនេះ ចំណូលពីការលក់សេវាកម្មទេសចរណ៍ និងកម្សាន្តសប្បាយបានកើនឡើង១២,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយសមាមាត្រនៃការចំណាយខាងសេវាកម្មប្រើប្រាស់ក្នុងមនុស្សម្នាក់ៗក្នុងការចំណាយប្រើប្រាស់សរុបរបស់ប្រជាជនចិនបានកើនឡើង ០,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទីផ្សារប្រើប្រាស់របស់ចិន កំពុងបោះជំហាន ទៅកាន់ដំណាក់កាលថ្មីដែលផ្តោតសំខាន់ស្មើគ្នា ដល់ "ទំនិញ+សេវាកម្ម" ហើយការប្រើប្រាស់ខាងសេវាកម្មបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើននៃការប្រើប្រាស់។
មូលដ្ឋានគ្រឹះឆ្ពោះទៅរកភាពល្អប្រសើរ គឺជានិន្នាការរយៈពេលវែងនៃសេដ្ឋកិច្ចចិន។ បើចង់ជំរុញសេដ្ឋកិច្ចចិនឱ្យបន្តឆ្ពោះទៅរកភាពល្អប្រសើរ នោះ ត្រូវប្រើប្រាស់ឱ្យបានល្អនូវឱកាស និងឧត្តមភាពផ្សេងៗ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពនូវផលប៉ះពាល់ពីខាងក្រៅនិងការលំបាកនៅផ្ទៃក្នុង ហើយជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ឱ្យដើរទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំ។ បច្ចុប្បន្ននេះ ចិននៅតែជា "យុថ្កាស្ថិរភាព" នៃសេដ្ឋកិច្ចសកលដដែល។ ខណៈពេលដែលសម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចសកល អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកបាននាំគ្នាបោះឆ្នោតផ្តល់ទុកចិត្តដល់សេដ្ឋកិច្ចចិន។
នៅឆ្នាំដំបូងនៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” សេដ្ឋកិច្ចចិនមានការអភិវឌ្ឍដោយនឹងនរ ហើយកម្លាំងជាក់ស្តែងរបស់ខ្លួនកំពុងកើនឡើងជាបន្តបន្ទាប់ ។ សមាមាត្រនៃតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាល ក្នុងផលិតផលក្នុងស្រុកសរុប (GDP) បានឡើងដល់២៦,២% ហើយហេដ្ឋារចនាសម្ព័ន្ធបណ្តាញគឺធំជាងគេ និងទូលំទូលាយបំផុតនៅលើពិភពលោក ដែលផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ និងការគាំទ្រដ៏ខ្លាំងក្លាសម្រាប់សេដ្ឋកិច្ចចិន ក្នុងការទប់ទល់នឹងហានិភ័យនិងដើរទៅមុខប្រកបដោយស្ថិរភាព។
មិនអាចបដិសេធបានទេថា បច្ចុប្បន្ននេះ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន កំពុងប្រឈមនឹងការលំបាកនិងការសាកល្បងមួយចំនួន។ ប៉ុន្តែគួរមើលឃើញថា សេដ្ឋកិច្ចចិនមានមូលដ្ឋានគ្រឹះដ៏នឹងនរ មានឧត្តមភាពច្រើននិងមានភាពធន់ដ៏ខ្លាំងក្លា ហើយលក្ខខណ្ឌគាំទ្រនិងនិន្នាការល្អប្រសើរ ដែលមានស្ថិរភាពក្នុងរយៈពេលយូរ គឺមិនកែប្រែទេ ។ សេដ្ឋកិច្ចចិនកំពុងឆ្ពោះទៅរកភាពថ្មីនិងគុណភាពខ្ពស់ នឹងបន្តពង្រឹងនិន្នាការល្អប្រសើរ ក្នុងការអភិវឌ្ឍប្រកបដោយស្ថិរភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន


