FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការស្ទង់មតិ៖ ប្រជាប្រិយភាពលោក ត្រាំ ធ្លាក់ចុះដល់៣៣ភាគរយ ដែលជាអត្រាដ៏ទាបបំផុតអំឡុងអាណត្តិទី២ (Video inside)

18-08-2026 15:07

(វ៉ាស៊ីនតោន)៖ ប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត អំឡុងអាណត្តិទី២របស់លោក ដោយប្រជាជនអាមេរិកភាគច្រើនលើសលប់ មានការព្រួយបារម្ភថា សង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់ នឹងអូសបន្លាយយូរថែមទៀត។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters និងក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ipsos ដែលបានបិទបញ្ចប់កាលពីថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦។

លទ្ធផលបង្ហាញថា ត្រឹមតែ៣៣ភាគរយប៉ុណ្ណោះ នៃអ្នកឆ្លើយតបក្នុងការស្ទង់មតិ ដែលប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ បាននិយាយថា ពួកគេពេញចិត្តចំពោះការដឹកនាំរបស់លោក ត្រាំ ខណៈ ៦៤ភាគរយ គឺមិនពេញចិត្តឡើយ។ ប្រជាប្រិយភាពរបស់លោក ត្រាំ បានធ្លាក់ចុះពី៣៥ភាគរយ ក្នុងការស្ទង់មតិដែលបានបិទបញ្ចប់កាលពីដើមខែនេះ និងទាបជាងពេលណាៗទាំងអស់ ក្នុងអាណត្តិបច្ចុប្បន្នរបស់លោក ហើយឥឡូវនេះវាបានស្មើនឹងកម្រិតទាបបំផុត នៃអាណត្តិ១របស់លោក កាលពីខែធ្នូ ឆ្នាំ២០១៧។

ក្រោយត្រឡប់មកសេតវិមានវិញ កាលក្នុងឆ្នាំ២០២៥ ដោយមានប្រជាជនអាមេរិកជិតពាក់កណ្តាល បង្ហាញសំឡេងគាំទ្រក្នុងការស្ទង់មតិ ប្រជាប្រិយភាពរបស់លោក ត្រាំ ក្នុងឆ្នាំ២០២៦នេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីរូបលោកបានរួមដៃជាមួយអ៉ីស្រាអែល បំផ្ទុះសង្រ្គាមប្រឆាំងអ៉ីរ៉ង់។ ជម្លោះដែលកើតឡើង បានធ្វើឱ្យពាណិជ្ជកម្មប្រេងសកល ១ភាគ៥ត្រូវជាប់គាំង ហើយបង្កឱ្យឡើងថ្លៃប្រេងសាំង ដែលកំពុងជះឥទ្ធិពលដល់ប្រជាជនអាមេរិក និងថែមទាំងប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់លោក ក្នុងគណបក្សសាធារណរដ្ឋ ដែលកំពុងព្យាយាមការពារ ការកាប់កាន់សំឡេងភាគច្រើននៅសភា សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកាខាងមុខ។

លោក ត្រាំ ដែលបានឃោសនាបោះឆ្នោតដោយសន្យាថា នឹងរក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រង ហើយជៀសវាងសង្គ្រាមអូសបន្លាយ បានអះអាងពីដំបូងថា ជម្លោះជាមួយអ៉ីរ៉ង់ នឹងចំណាយពេលត្រឹម៣-៤សប្តាហ៍ប៉ុណ្ណោះ។ ប៉ុន្តែអ៉ីរ៉ង់បានបង្ហាញពីភាពធន់នឹកស្មាន់មិនដល់ និងបានបន្តធ្វើឱ្យពាណិជ្ជកម្មប្រេងតាមច្រកសមុទ្រ Hormuz នៅជាប់គាំងស្ទើរទាំងស្រុងមកទល់ពេលនេះ ទោះបីជាការប្រយុទ្ធគ្នា ហាក់បានចុះត្រជាក់ហើយក៏ដោយ។

ការស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា ប្រហែល ៨០ភាគរយនៃប្រជាជនអាមេរិក ក្នុងនោះរួមមាន ៨៧ភាគរយ នៃអ្នកគាំទ្របក្សប្រជាធិបតេយ្យ និង ៧១ភាគរយ នៃអ្នកគាំទ្របក្សសាធារណរដ្ឋ គិតថាសង្រ្គាមរបស់អាមេរិកនៅអ៉ីរ៉ង់ នឹងបន្តទៅមុខសម្រាប់រយៈពេលយូរទៀត។ ដោយឡែក មានតែ ១៦ភាគរយប៉ុណ្ណោះ ដែលបាននិយាយថា ជម្លោះទំនងជានឹងបញ្ចប់ ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រអំឡុងព្រឹត្តិការណ៍ជួបជុំមួយនៅទីក្រុង Garden City ក្នុងរដ្ឋញូវយ៉កថា ការចំណាយលើថ្លៃប្រេងសាំងដែលកើនបន្តិចបន្តួច គឺសក្តិសមនឹងលះបង់ដើម្បីធានាថា ប្រទេសអាក្រក់បំផុតមួយ មិនអាចមានអាវុធនុយក្លេអ៊ែរ ខណៈវាជាហេតុផលចម្បងមួយ ដែលលោកបានលើកឡើង សម្រាប់ការធ្វើសង្គ្រាមប្រឆាំងអ៉ីរ៉ង់។

អំឡុងសង្រ្គាមជាច្រើនខែមកនេះ លោកប្រធានាធិបតីអាមេរិក បាននិយាយម្តងបែបនេះម្តងបែបនោះ រវាងការគំរាមបង្កើនជម្លោះឱ្យកាន់តែខ្លាំង និងការអះអាងថា កិច្ចព្រមព្រៀងសន្តិភាពខិតជិតសម្រេចបាន។ មានតែម្នាក់ក្នុងចំណោមមនុស្ស៥នាក់នៃប្រជាជនអាមេរិក និងត្រឹមពាក់កណ្តាលនៃអ្នកគាំទ្របក្សសាធារណរដ្ឋប៉ុណ្ណោះ ដែលគិតថាសង្រ្គាមនេះសក្តិសមនឹងតម្លៃដែលត្រូវលះបង់។

គួរបញ្ជាក់ថា ការព្រួយបារម្ភអំពីសង្គ្រាម និងការឡើងថ្លៃតម្លៃប្រេងសាំង បានធ្វើឱ្យគណបក្សសាធារណរដ្ឋភ័យព្រួយ អំពីក្តីសង្ឃឹមក្នុងការការពារសំឡេងភាគច្រើនមិនដាច់ឆ្ងាយរបស់ខ្លួន នៅរដ្ឋសភាអាមេរិក ក្នុងការបោះឆ្នោតនាថ្ងៃទី ៣ ខែវិច្ឆិកា ហើយបក្សប្រជាធិបតេយ្យវិញ កាន់តែកំពុងមើលឃើញថា ព្រឹទ្ធសភាអាមេរិក ក៏អាចមានឱកាសធ្លាក់មកក្រោមការគ្រប់គ្រងរបស់ខ្លួន ផងដែរ៕