រដ្ឋមន្រ្តីក្រសួងលំនៅឋានកូឡុំប៊ី រងការរិះគន់ខ្លាំង ក្រោយនាំគ្រួសារទៅលំហែកាយនៅឆ្នេរសមុទ្រ ចំពេលប្រទេស ទើបរងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដី (Video inside)
18-08-2026 14:37
(បូហ្គោតា)៖ រដ្ឋមន្ត្រីក្រសួងលំនៅឋានថ្មីរបស់ប្រទេសកូឡុំប៊ី បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានការលេចធ្លាយថា លោកបាននាំគ្រួសារទៅសម្រាកលំហែកាយនៅឯឆ្នេរសមុទ្រ ខណៈដែលប្រទេសអាមេរិកឡាទីនមួយនេះ ទើបតែរងគ្រោះធ្ងន់ ដោយសាររញ្ជួយដីដ៏សាហាវ ដែលបានបន្សល់ឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។
បាតុភូតរញ្ជួយដីកាលពីថ្ងៃទី១០ ខែសីហា ដែលបានសម្លាប់មនុស្សជិត៣០០នាក់ នៅភាគខាងលិចប្រទេសកូឡុំប៊ី បានកើតឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីស្តាំនិយម លោក Abelardo de la Espriella ចូលកាន់តំណែង។ គ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រនេះ គឺជារញ្ជួយដីមានឥទ្ធិពលខ្លាំងបំផុតនៅកូឡុំប៊ី គិតក្នុងរយៈពេលជិតកន្លះសតវត្សរ៍។
កាលពីចុងសប្តាហ៍កន្លងទៅនេះ រូបថតនិងវីដេអូ បានលេចឡើងដោយបង្ហាញឱ្យឃើញរដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Jaime Andres Beltran សម្រាកលំហែកាយនៅលើឆ្នេរមួយ ក្នុងទីក្រុង Santa Marta ជាប់សមុទ្រ Caribbean។ ខាងគណបក្សប្រឆាំង បាននិយាយថា ខ្លួននឹងដាក់ញត្តិដកទំនុកចិត្តលើរដ្ឋមន្ត្រីរូបនេះ ជុំវិញការឈប់សម្រាកដើម្បីលំហែកាយ ក្នុងអំឡុងពេលដ៏សំខាន់បែបនេះ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីខាងលើ បានព្យាយាមរំងាប់ការរិះគន់ជុំវិញដំណើរកម្សាន្តរបស់លោក ដោយសរសេរនៅលើបណ្តាញសង្គមថា តាមពិតលោកមិនបានទៅលំហែកាយទេ ប៉ុន្តែគ្រាន់តែចង់ចំណាយពេលពីរបីម៉ោង ជាមួយភរិយានិងកូនៗ ដែលលោកមិនបានជួបអស់រយៈពេលជាច្រើនថ្ងៃ ហើយបានត្រឡប់មកបន្តបំពេញការងារវិញភ្លាមៗ ពាក់ព័ន្ធកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ ក្រោយគ្រោះរញ្ជួយដី។
គួរបញ្ជាក់ថា ផ្ទះសម្បែងសរុបជិត ២៧ ០០០ខ្នង ត្រូវបានបំផ្លាញដោយសារគ្រោះរញ្ជួយដី ហើយជនរងគ្រោះជាច្រើននាក់ នៅបន្តគ្មានកន្លែងជ្រកកោន ដោយត្រូវបង្ខំចិត្តសម្រាកនៅតាមទីធ្លា នៅលើពូកទទេ ឬនៅលើគ្រែកែច្នៃបណ្តោះអាសន្ន៕





