FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីតួកគីយ៉េ ជំរុញឱ្យលោក ត្រាំ ព្យាយាមនិយាយចរចាគ្នាជាមួយអ៉ីរ៉ង់

18-08-2026 14:05

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan បានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចសន្ទនាមួយតាមទូរស័ព្ទ ឱ្យបន្តកិច្ចប្រឹងប្រែងចរចាជាមួយអ៉ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ហើយលោកបានផ្តល់ការគាំទ្រពីទីក្រុងអង់ការ៉ា សម្រាប់កិច្ចខិតខំស្វែងរកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។

តួកគីយ៉េ ដែលជាប្រទេសមានកងទ័ពធំជាងគេទី២នៅក្នុងអង្គការ NATO និងមានព្រំដែនជាប់ជាមួយអ៉ីរ៉ង់ បានអំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ចប់សង្រ្គាម។ តួកគីយ៉េបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក និងអ៉ីរ៉ង់ ព្រមទាំងជាមួយអ្នកសម្របសម្រួលជម្លោះ ដូចជាប៉ាគីស្ថាន និងកាតា ហើយទន្ទឹមគ្នា ក៏ដើរតួជាអន្តរការីរវាងភាគីទាំងពីរផងដែរ។

ការិយាល័យប្រធានាធិបតីតួកគីយ៉េ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក Erdogan បានបញ្ជាក់ថា វាមានសារៈសំខាន់ជាខ្លាំង ក្នុងការប្រើប្រាស់កិច្ចការទូតឱ្យអស់ពីលទ្ធភាព ទាក់ទងនឹងភាពតានតឹងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយយើងសង្ឃឹមថា​កិច្ចពិភាក្សានឹងបន្ត ខណៈតួកគីយ៉េ នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាព»

កិច្ចសន្ទនាទូរស័ព្ទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់មួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា អ៉ីរ៉ង់នឹងប្តូរគោលជំហរយោធា ទៅជាត្រៀមវាយលុកទាំងស្រុង ដោយសារតែកិច្ចខិតខំប្រឹងប្រែងចរចា ដើម្បីបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍បានជាប់គាំង ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានបដិសេធ ការបន្តកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន។ រីឯវឌ្ឍនភាពឆ្ពោះទៅរកការបន្តចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញ ក៏បានជាប់គាំងផងដែរ។

គួរបញ្ជាក់ថា កន្លងមក តួកគីយ៉េបានរិះគន់ការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ ប៉ុន្តែក៏បានថ្កោសទោស ការវាយប្រហាររបស់អ៉ីរ៉ង់លើបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ និងអំពាវនាវឱ្យបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ បានពិភាក្សាអំពីការបើកច្រកសមុទ្រនេះឡើងវិញ និងការបន្តបទឈប់បាញ់ ជាមួយសមភាគីអ៉ីរ៉ង់៕