រុស្ស៉ី ព្រមានពីផលវិបាក ក្រោយសេចក្តីរាយការណ៍ពីករណីដ្រូនផលិតដោយអង់គ្លេស វាយប្រហារទឹកដីរុស្ស៉ី (Video inside)
18-08-2026 11:47
(មូស្គូ)៖ រុស្ស៉ីបានព្រមានចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ ទី១៧ ខែសីហា ថានឹងត្រូវជួបផលវិបាក បន្ទាប់ពីមានសេចក្តីការណ៍ថាយន្តហោះដ្រូនផលិតនៅចក្រភពអង់គ្លេស ដែលផ្គត់ផ្គង់ទៅអ៊ុយក្រែន ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារចូលជ្រៅមកទឹកដីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កាសែត Sunday Times បានរាយការណ៍ថា ដ្រូនផលិតដោយក្រុមហ៊ុនអង់គ្លេសចំនួន ២ ត្រូវបានអ៊ុយក្រែនប្រើប្រាស់ដើម្បីវាយប្រហារគោលដៅយោធា និងឧស្សាហកម្មនៅក្នុងទឹកដីរុស្ស៉ី។ ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងឡុងដ៍ បានចោទប្រកាន់ចក្រភពអង់គ្លេសថា បានក្លាយជាទៅអ្នកសមគំនិត រួមចំណែកដល់ការវាយប្រហារ និងជ្រើសយកការបង្កើនជម្លោះដោយចេតនា។ សេចក្តីថ្លែងការណ៍របស់ស្ថានទូត គូសបញ្ជាក់ថា «ការចូលរួមកាន់តែជ្រៅក្នុងជម្លោះ និងការគាំទ្រកាន់តែខ្លាំងចំពោះយន្តការភេរវកម្មរបស់ទីក្រុងកៀវ នាំឱ្យផលវិបាកដែលអង់គ្លេសជួបប្រទះកាន់តែធ្ងន់ធ្ងរ»។
ភ្លាមៗស្ថានទូតចក្រភពអង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយទេ ជុំវិញសេចក្តីថ្លែងការណ៍របស់រុស្ស៉ី៕
