ប្រេងឆៅ Brent ឡើងដល់តម្លៃជាង ៩០ដុល្លារក្នុងមួយបារ៉ែលវិញ ខណៈកិច្ចចរចាអាមេរិក និងអ៉ីរ៉ង់ជាប់គាំង (Video inside)
18-08-2026 11:11
(Reuters)៖ មកដល់ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ តម្លៃប្រេងបន្តកើនឡើង ខណៈកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាមពេញលេញនៅតំបន់មជ្ឈិមបូព៌ា ហាក់នៅឆ្ងាយពីការសម្រេចបាន ដោយអ៉ីរ៉ង់និយាយថានឹងយកជម្រើសវាយប្រហារបន្ថែម រីឯសហរដ្ឋអាមេរិកច្រានចោលការពន្យារពេលបទឈប់បាញ់ ដែលបង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់ថាមពល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅប្រភេទ Brent មានតម្លៃជាង ៩១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា កាលពីថ្ងៃចន្ទ។ ប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃជាង ៨៥ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកើនជាង ១ភាគរយនៅក្នុងវគ្គជួញដូរមុន ទៅរកកម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា។
ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM លោក Tim Waterer យល់ឃើញថា ការរឹតត្បិតនៅច្រកសមុទ្រ Hormuz ពីសំណាក់ភាគីទាំងសងខាង និងបញ្ហាច្រកសមុទ្រ Bab el-Mandeb នៅតែជារឿងសំខាន់។ វាមិនមែនជាកង្វល់បន្ទាប់បន្សំទេ តែវាជាចំណុចកណ្តាលនៃហានិភ័យផ្គត់ផ្គង់បច្ចុប្បន្ន៕

