ស្លាប់ ២នាក់ ក្នុងហេតុការណ៍បាញ់ប្រហារនៅឯសាលារៀនមួយ នៅភាគខាងត្បូងហ្វីលីពីន (Video inside)
18-08-2026 10:35
(ម៉ានីល)៖ ក្រុមមន្ត្រីហ្វីលីពីនបានឱ្យដឹងថាមនុស្ស ២នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯវិទ្យាល័យមួយកន្លែងស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ហើយដែលនេះជាករណីបាញ់ប្រហារលើកទី២ ក្នុងពេលជិត ២ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមចៅហ្វាយក្រុង Zamboanga លោក Khymer Olaso សិស្សម្នាក់ត្រូវបានបាញ់សម្លាប់ រីឯសិស្សម្នាក់ទៀតដែលជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង។ លោក Olaso បានគូសបញ្ជាក់ដូច្នេះថា «សិស្សថ្នាក់ទី៧ម្នាក់ បានចូលក្នុងសាលាប្រដាប់ដោយកាំភ្លើង...រូបគេបាញ់តម្រង់ទៅរកគ្រូបង្រៀនម្នាក់ដែលកំពុងអង្គុយ តែបាញ់ខុស។ ក្រោយមកសំដៅទៅរកថ្នាក់រៀនមួយផ្សេងទៀត និងបានបាញ់សម្លាប់សិស្សម្នាក់»។ លោក Olaso បានបន្ថែមថាសិស្សជាខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ។
គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុនៅពីក្រោយហេតុការណ៍បាញ់ប្រហារខាងលើនៅឡើយទេ។ ការបាញ់ប្រហារនេះដែរ កើតមានឡើងបន្ទាប់ពីមានការបាញ់ប្រហារនៅឯសាលារៀនមួយក្នុងទីក្រុង Tacloban ដែលបានសម្លាប់សិស្សយ៉ាងហោច ៣នាក់ និង២០នាក់ផ្សេងទៀតរងរបួសកាលពីខែមិថុនា៕

