ប្រធានាធិបតីកូរ៉េខាងត្បូង៖ សមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក មិនមានគោលដៅលើកូរ៉េខាងជើងនោះទេ (Video inside)
18-08-2026 10:06
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវឱ្យមានការពង្រឹងសមត្ថភាពស្វ័យការពារខ្លួនដោយឯករាជ្យដ៏ខ្លាំងក្លា ហើយនិយាយថាសមយុទ្ធការពារជនស៊ីវិលដែលធ្វើឡើងគាប់ជួននឹងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក គឺជាការការពារខ្លួនសុទ្ធសាធ និងមិនមានគោលដៅគំរាមកំហែងដល់កូរ៉េខាងជើងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក Lee Jae Myung កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយការធ្វើសមយុទ្ធយោធាឱ្យបានច្រើនជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន និងការបដិសេធរបស់ទីក្រុងសេអ៊ូលដោយមិនព្រមជួយសហរដ្ឋអាមេរិកក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។
ថ្លែងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក Lee បានគូសបញ្ជាក់ថា «សម្ព័ន្ធភាពរឹងមាំមួយអាចធ្វើឱ្យមូលដ្ឋានសន្តិសុខមានភាពរឹងមាំ និងពង្រឹងសមត្ថភាពរបស់យើង បង្កើនគុណតម្លៃរបស់យើង និងភាពជាចាំបាច់ជាសម្ព័ន្ធមិត្តមួយ»។ លោក Lee ក៏បានចាត់ទុកផងដែរថាសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងសមត្ថភាពការពារខ្លួនដោយឯករាជ្យគឺជាជួយបំពេញបន្ថែមគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លើយតបទៅនឹង ការទំនាក់ទំនងពីរូបលោក។ លោក Lee បានលើកឡើងម្ដងហើយម្ដងទៀតពីបំណងបើកកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ដើម្បីឈានដល់ការបើកកិច្ចចរចាស្វែងរកសន្ធិសញ្ញាសន្តិភាពរវាងកូរ៉េទាំង២។ តែទីក្រុងព្យុងយ៉ាងដែល់ចាត់ទុកសេអ៊ូលជាសត្រូវចម្បងរបស់ខ្លួន មិនបានឆ្លើយតបទៅនឹងសំណើរបស់លោក Lee នោះឡើយ៕




