លោក ត្រាំ គំរាមទម្លាក់គ្រាប់បែកលើអូម៉ង់ ប្រសិនបើហ៊ានរារាំងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
17-08-2026 22:02
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានគំរាមទម្លាក់គ្រាប់បែកលើប្រទេសអូម៉ង់ ប្រសិនបើប្រទេសនេះ «ហ៊ានរារាំង» កិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ ជុំវិញបញ្ហាច្រកសមុទ្រហ័រមូស ព្រមទាំងបានទាមទារឱ្យអ៊ីរ៉ង់ចុះចាញ់ផងដែរ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា៖ «ប្រសិនបើអូម៉ង់ហ៊ានរារាំង យើងនឹងទម្លាក់គ្រាប់បែកកម្ទេចពួកគេមិនខាន»។ ការគំរាមកំហែងនេះ គឺសំដៅទៅលើកិច្ចចរចាដែលកំពុងប្រព្រឹត្តទៅរវាងអូម៉ង់ និងអ៊ីរ៉ង់ ជុំវិញការគ្រប់គ្រងច្រកសមុទ្រនេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនក៏កំពុងស្វែងរកកិច្ចចរចាផ្ទាល់ខ្លួនផងដែរ។ មន្ត្រីអ៊ីរ៉ង់ និងអូម៉ង់ បានជជែកគ្នាជាច្រើនសប្តាហ៍មកហើយ ហើយកំពុងរៀបចំសេចក្តីប្រកាសរួមមួយ។
ទោះជាយ៉ាងណា លោក ត្រាំ តែងតែអះអាងថា ច្រកសមុទ្រនេះ (ដែលអ៊ីរ៉ង់បានបិទខ្ទប់តាំងពីសង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ) គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិក។ លោកថែមទាំងធ្លាប់អះអាងថា នឹងប្រកាសយកច្រកសមុទ្រហ័រមូសជាផ្នែកមួយនៃទឹកដីអាមេរិកទៀតផង ខណៈអ៊ីរ៉ង់បានវាយបកវិញថា ផ្លូវទឹកនេះ «នឹងនៅតែជារបស់អ៊ីរ៉ង់ជានិច្ច»។
គួររំលឹកថា ទីក្រុងតេហេរ៉ង់ បានប្រើប្រាស់ការគ្រប់គ្រងច្រកសមុទ្រនេះ ជាឧបករណ៍ដាក់សម្ពាធប្រឆាំងនឹងការប៉ុនប៉ងរបស់អាមេរិក ដែលចង់កម្ទេចយោធា និងបង្ខំឱ្យអ៊ីរ៉ង់បោះបង់កម្មវិធីនុយក្លេអ៊ែរ។ លោក ត្រាំ ក៏បានទាមទារឱ្យអ៊ីរ៉ង់ «លើកទង់សចុះចាញ់» និងបានសង្កត់ធ្ងន់ថា លោកមិនប្រញាប់ប្រញាល់ក្នុងការឈានដល់កិច្ចព្រមព្រៀងនោះទេ ទោះបីជាសង្គ្រាមនេះមិនសូវទទួលបានការគាំទ្រពីពលរដ្ឋអាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏ដោយ៕
