មេដឹកនាំតៃវ៉ាន់៖ ការបង្កើនការចំណាយលើវិស័យការពារជាតិ គឺជាការវិនិយោគសម្រាប់សន្តិភាព (Video inside)
17-08-2026 15:34
(តៃវ៉ាន់)៖ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា តៃវ៉ាន់ប្តេជ្ញាចិត្តបន្តពង្រឹងវិស័យការពារជាតិរបស់ខ្លួន ដើម្បីធ្វើជាការវិនិយោគទៅលើសន្តិភាព ដោយរូបលោកទទួលស្គាល់ថា ការចំណាយលើវិស័យការពារជាតិដែលបានស្នើឡើងសម្រាប់ឆ្នាំក្រោយ នឹងកើន១៦ភាគរយ ហើយលើសពី ១ទ្រីលានដុល្លារតៃវ៉ាន់ (៣១,៤០ ពាន់លានដុល្លារអាមេរិក) ជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
គណៈរដ្ឋមន្ត្រីតៃវ៉ាន់ នឹងប្រកាសជាផ្លូវការនូវសំណើកញ្ចប់ថវិកា សម្រាប់ឆ្នាំ២០២៧ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងនោះ រួមទាំងការបែងចែកលម្អិត នៃការចំណាយសម្រាប់វិស័យការពារជាតិ។ ការប្រកាសនេះកើតឡើង ចំពេលដែលចិនបាននិងកំពុងបង្កើនសម្ពាធទាំងផ្នែកយោធានិងនយោបាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដើម្បីអះអាងការទាមទារអធិបតេយ្យលើកោះតៃវ៉ាន់ ជាអ្វីដែលទីក្រុងតៃប៉ិបានបដិសេធយ៉ាងដាច់អហង្ការ។
ទន្ទឹមគ្នា តៃវ៉ាន់ក៏ប្រឈមផងដែរនឹងការអំពាវនាវពីទីក្រុងវ៉ាស៊ីនតោន ឱ្យចំណាយកាន់តែច្រើនលើការការពារជាតិរបស់ខ្លួន។ ថ្លែងក្នុងកិច្ចប្រជុំមួយស្តីពីកញ្ចប់ថវិកាឆ្នាំ២០២៧ លោក Lai បានទទួលស្គាល់របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ កាលពីដើមខែនេះ ដែលថាថវិកាការពារជាតិសរុបសម្រាប់ឆ្នាំ២០២៧ នឹងលើសពី ១ទ្រីលានដុល្លារតៃវ៉ាន់ជាលើកដំបូង ដោយឡើងដល់ ១,១២២៥ ទ្រីលានដុល្លារតៃវ៉ាន់។ លោក Lai បានថ្លែងថា ចំនួននេះនឹងលើសពី ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។
លោកបានបន្ថែមថា នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពការពារខ្លួន។ មេដឹកនាំតៃវ៉ាន់រូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការវិនិយោគលើវិស័យការពារជាតិ គឺជាការវិនិយោគលើសន្តិភាព។ យើងនឹងបន្តកសាងកងកម្លាំងការពារជាតិឱ្យកាន់តែរឹងមាំ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់ទាំងមូល»។
គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់ បានដាក់គោលដៅធ្វើទំនើបកម្មយោធា ជាគោលនយោបាយចម្បងរបស់ខ្លួន ហើយបានប្តេជ្ញាចិត្តម្តងហើយម្តងទៀត ក្នុងការចំណាយកាន់តែច្រើន លើវិស័យការពារជាតិ ដែលរួមមានទាំងការអភិវឌ្ឍនាវាមុជទឹកផលិតនៅតៃវ៉ាន់ផ្ទាល់ ដោយសារតែការកើនឡើងការគំរាមកំហែងពីប្រទេសចិន។ យោធាចិន បាននិងកំពុងប្រតិបត្តិការស្ទើរតែរាល់ថ្ងៃ នៅជុំវិញតៃវ៉ាន់ ហើយបានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដែលលើកចុងក្រោយបង្អស់ គឺកាលពីចុងខែធ្នូ ឆ្នាំ២០២៥៕

