FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការផ្ទុះឡើងជំងឺអេបូឡានៅប្រទេសកុងហ្គោ ក្លាយជាការឆ្លងរាលដាលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រប្រទេសអាហ្វ្រិកមួយនេះ (Video inside)

17-08-2026 14:37

(គីនស្ហាសា)៖ កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ទិន្នន័យរដ្ឋាភិបាលបានបង្ហាញថា ការផ្ទុះឡើងនៃជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានសម្លាប់មនុស្សចំនួន ២៣២៥នាក់ហើយ ពោលគឺលើសចំនួនអ្នកស្លាប់ កាលពីអំឡុងពេលផ្ទុះរាតត្បាត ក្នុងចន្លោះឆ្នាំ២០១៨-២០២០ នាំឱ្យវាក្លាយជាការឆ្លងរាលដាល ដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាហ្រ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

វិទ្យាស្ថានសុខភាពសាធារណៈរបស់កុងហ្គោ បាននិយាយក្នុងរបាយការណ៍ចុងក្រោយបង្អស់របស់ខ្លួនថា ករណីឆ្លងដែលផ្ទៀងផ្ទាត់ច្បាស់ បានកើនឡើងដល់ ៤៩៤៥នាក់ ក្នុងនោះរួមទាំងករណីថ្មីៗចំនួន ១០១នាក់ ដែលត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ម៉ោងមុន។ ការផ្ទុះឡើងលើកនេះ ដែលជាលើកទី១៧ របស់កុងហ្គោ បានក្លាយជាការរាតត្បាតធំបំផុតរួចទៅហើយ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស បើគិតពីចំនួនករណីឆ្លង កាលពីចុងខែកក្កដាកន្លងទៅ។ ទិន្នន័យរដ្ឋាភិបាលចុងក្រោយបំផុតបង្ហាញថា ចំនួនអ្នកស្លាប់សរុបបានលើស ចំនួន២២៩៩នាក់ ដែលត្រូវបានកត់ត្រា អំឡុងពេលផ្ទុះរាលដាលកាលពីឆ្នាំ២០១៨-២០២០ របស់កុងហ្គោ ដែលពីមុនជាចំនួនច្រើនបំផុតក្នុងកំណត់ត្រា។

រយៈពេលបីខែបន្ទាប់ពីត្រូវបានប្រកាសជាផ្លូវការ ការផ្ទុះឡើងនៃជំងឺអេបូឡាលើកនេះ ឥឡូវគឺនៅពីក្រោយតែការផ្ទុះរាតត្បាត ក្នុងតំបន់អាហ្វ្រិកខាងលិច កាលពីចន្លោះឆ្នាំ២០១៤-២០១៦ ប៉ុណ្ណោះ​ ដែលអំឡុងពេលនោះមានករណីឆ្លងសរុប ២៨ ៦១៦នាក់ និងអ្នកស្លាប់រហូតដល់ ១១ ៣១០នាក់ ត្រូវបានកត់ត្រានៅទូទាំងប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ វាត្រូវចំណាយពេលជិត៥ខែ បន្ទាប់ពីការប្រកាសនៃការផ្ទុះឡើងអេបូឡាលើកនោះ ទម្រាំឈានដល់ចំនួនអ្នកស្លាប់ ១០០០នាក់ ខណៈដែលការផ្ទុះឡើងបច្ចុប្បន្នរបស់កុងហ្គោ បានឈានដល់ចំនួនអ្នកស្លាប់ ២០០០ នាក់ ក្នុងរយៈពេលតិចជាង៣ខែ។

គួរបញ្ជាក់ថា ការផ្ទុះរាលដាលបច្ចុប្បន្ន គឺបណ្តាលមកពីវីរុសអេបូឡាប្រភេទ Bundibugyo ដែលកម្រ និងមិនទាន់មានវ៉ាក់សាំង ឬវិធីសាស្រ្តព្យាបាលជាក់លាក់ ដែលត្រូវបានអនុម័តនៅឡើយ។ វ៉ាក់សាំង និងវិធីព្យាបាលសាកល្បងមួយចំនួនតូច កំពុងស្ថិតក្រោមការធ្វើតេស្ត ខណៈអាជ្ញាធរសុខភាពសកល ក៏កំពុងវាយតម្លៃផងដែរថា តើវិធីព្យាបាលនិងវ៉ាក់សាំងអេបូឡា ដែលមានស្រាប់ អាចផ្តល់ការការពារប្រឆាំងវីរុសប្រភេទកម្រនេះបានដែរឬទេ ប៉ុន្តែភស្តុតាងរហូតមកដល់ពេលនេះ បានបង្ហាញថា មានប្រសិទ្ធភាពក្នុងកម្រិតត្រឹមការសិក្សាទៅលើសត្វ៕