ក្រុមពន្លត់អគ្គិភ័យក្រិកប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅកោះ Skyros ចូលដល់ថ្ងៃទី២
16-08-2026 19:40
(អាថែន)៖ ក្រុមពន្លត់អគ្គិភ័យ នៅថ្ងៃអាទិត្យ បានបន្តប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅលើកោះ ស្គីរ៉ូស (Skyros) របស់ប្រទេសក្រិក (Greece) ចូលដល់ថ្ងៃទី២ ខណៈដែលអភិបាលក្រុងក្នុងតំបន់រំពឹងថា នឹងអាចពន្លត់បានទាំងស្រុងនៅថ្ងៃនេះ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
ភ្លើងឆេះព្រៃដែលផ្ទុះឡើងកាលពីថ្ងៃសៅរ៍ បានបង្ខំឱ្យជម្លៀសពលរដ្ឋចេញពីសហគមន៍តូចៗចំនួនពីរ ប៉ុន្តែបច្ចុប្បន្នមិនមានការគំរាមកំហែងដល់លំនៅឋានទៀតទេ។ អាជ្ញាធរក៏បានបញ្ជូនកម្លាំងជំនួយពីតំបន់ជិតខាង មកកាន់កោះនេះផងដែរ។
ទោះបីជាក្រិកអាចចៀសផុតពីរលកកម្តៅដ៏សាហាវកាលពីដើមរដូវក្តៅក្តី ប៉ុន្តែចាប់តាំងពីចុងខែកក្កដាមក ប្រទេសនេះបានរងការវាយប្រហារដោយភ្លើងឆេះព្រៃធំៗជាច្រើន ដែលរុញច្រានដោយខ្យល់បក់បោកខ្លាំង។ គិតមកទល់ពេលនេះ អ្នកពន្លត់អគ្គិភ័យចំនួន ៥នាក់ហើយ ដែលបានបាត់បង់ជីវិតក្នុងប្រតិបត្តិការ រួមទាំងម្នាក់ស្លាប់ដោយសារឧទ្ធម្ភាគចក្របុកគ្នា។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ផ្ទៃដីព្រៃឈើ និងកសិកម្មប្រមាណ ២ម៉ឺនហិកតា ត្រូវបានដុតបំផ្លាញនៅទូទាំងប្រទេស។ អ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស កំពុងធ្វើឱ្យហានិភ័យនៃភ្លើងឆេះព្រៃ ក៏ដូចជាគ្រោះរាំងស្ងួត កាន់តែមានសភាពធ្ងន់ធ្ងរ និងអាក្រក់ជាងមុនជារៀងរាល់ឆ្នាំ៕
