លោក គីម ជុងអ៊ុន លោក ពូទីន គូសបញ្ជាក់ឡើងវិញពីទំនាក់ទំនងស៊ីជម្រៅ ក្នុងទិវារំដោះកូរ៉េ (Video inside)
16-08-2026 09:51
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ឡើងវិញពីទំនាក់ទំនងស៊ីជម្រៅជាមួយរុស្ស៉ី ក្នុងសារមួយផ្ញើទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈទីក្រុងព្យុងយ៉ាងប្រារព្ធទិវាឯករាជ្យនៃការរំដោះឧបទ្វីបកូរ៉េចេញពីអាណានិគមជប៉ុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយរបស់លោក គីម ធ្វើឡើងជាការឆ្លើយតបទៅនឹងសារអបអរសាទររបស់លោក ពូទីន នាឱកាសនៃការប្រារព្ធខួបលើកទី៨១ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នៅក្នុងសារអបអរសាទរ មេដឹកនាំរុស្ស៉ីបាននិយាយថាទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវបានចងភ្ជាប់គ្នាតាំងតែពីគ្រាដែលកងទ័ពអតីតសហភាពសូវៀតប្រយុទ្ធប្រឆាំងនឹងជប៉ុន ហើយថាកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងនឹងបន្តឆ្ពោះទៅមុខលើគ្រប់វិស័យទាំងអស់។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថានៅក្នុងលិខិតឆ្លើយឆ្លងជាមួយលោក ពូទីន លោក គីម ជុងអ៊ុន បានបង្ហាញក្ដីសង្ឃឹមចំពោះអនាគតនៃទំនាក់ទំនងដែលនឹងបន្តឆ្ពោះទៅមុខរួមជាមួយនឹងប្រវត្តិសាស្ត្រនៃការប្រយុទ្ធតស៊ូរួមគ្នា ដើម្បីយុត្តិធម៌ និងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏មានតម្លៃមហាសាល។ តាម KCNA នាវារុស្ស៉ីឈ្មោះ Pallada បានទៅដល់កំពង់ផែ Wonsan របស់កូរ៉េខាងជើង ក្នុងការធ្វើដំណើរទស្សនកិច្ចមួយកាលពីថ្ងៃសៅរ៍ ជាការអបអរសាទរដល់ទិវារំដោះឧបទ្វីបកូរ៉េ និងត្រូវបានទទួលស្វាគមន៍ពីមន្ត្រីកូរ៉េខាងជើង និងបុគ្គលិកស្ថានទូតរុស្ស៉ី។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នា ក្រោយកូរ៉េខាងជើងបានយល់ព្រមផ្គត់ផ្គង់អាវុធ និងបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ហើយដែលនេះជាការចូលរួមដ៏ធំបំផុតរបស់ទីក្រុងព្យុងយ៉ាងក្នុងសង្រ្គាមមួយនៅបរទេស ចាប់តាំងពីសម័យសង្រ្គាមកូរ៉េនៅទសវត្សរ៍ ឆ្នាំ១៩៥០៕

