FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស្ប៉ាញ បង្កេីនសន្តិសុខនៅទីក្រុង Ceuta ខណៈដែលមានពាក្យចរចាមអារ៉ាមតាមអនឡាញ​ឱ្យសម្រុកចូលព្រំដែន មកពីប្រទេសម៉ារ៉ុក (Video inside)

15-08-2026 20:12

(Ceuta)៖ អេស្ប៉ាញ បានពង្រឹងវត្តមានប៉ូលិស និងយោធានៅក្នុងទីក្រុង Ceuta ដែលជាទឹកដីរបស់ខ្លួនក្នុងតំបន់អាហ្វ្រិកខាងជើង បន្ទាប់ពីមានសារផ្សព្វផ្សាយតាមបណ្តាញសង្គមជំរុញឱ្យជនចំណាកស្រុកព្យាយាមសម្រុកឆ្លងកាត់ព្រំដែនជាទ្រង់ទ្រាយធំម្តងទៀត​ នៅថ្ងៃសៅរ៍ ទី១៥ ខែសីហានេះ​ ពីរសប្តាហ៍ក្រោយហេតុការណ៍មនុស្សរាប់ពាន់នាក់សម្រុកចូលទីក្រុងមួយនេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទាហានអេស្ប៉ាញក្នុងឯកសណ្ឋានប្រយុទ្ធបានឈរយាមនៅខាងក្រៅផ្សារទំនើប និងអគាររដ្ឋបាល ខណៈដែលរថយន្តប៉ូលិសល្បាតយ៉ាងសកម្មតាមបណ្តាផ្លូវធំៗក្នុងតំបន់នោះ។ នៅត្រើយម្ខាងទៀតនៃព្រំដែន កងកម្លាំងសន្តិសុខម៉ារ៉ុកជាច្រើននាក់ដែលស្លៀកពាក់ពណ៌ខ្មៅ បានឃ្លាំមើលឆ្នេរខ្សាច់ក្នុងទីក្រុង Fnideq ដែលជាចំណុចចេញដំណើររបស់ជនចំណាកស្រុកជាច្រើន ដោយហែលទឹកឆ្លងរនាំងការពាររលកសមុទ្រនៃទីក្រុង Ceuta។

យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលអេស្ប៉ាញ មនុស្ស​ ៩៦នាក់បានបាត់បង់ជីវិតអំឡុងពេលប៉ុនប៉ងធ្វើដំណើរលេីកមុន ហើយជាង ៧២ ០០០នាក់បានចូលដល់ទីក្រុង Ceuta។ ក្រោយមកពួកគេភាគច្រើនបានវិលត្រឡប់ទៅកាន់ប្រទេសម៉ារ៉ុកវិញដោយស្ម័គ្រចិត្ត។ អេស្ប៉ាញ បានដំឡេីងរនាំងការពារ និងបញ្ជូនមន្ត្រីប៉ូលិសបន្ថែមជាង ៥០០នាក់មកពីតំបន់ដីគោក។ ក្រសួងមហាផ្ទៃអេស្ប៉ាញបញ្ជាក់ថា ពួកគេនឹងបន្តស្ថិតនៅទីនោះដរាបណាសភាពការណ៍តម្រូវឱ្យមាន។

គួរបញ្ជាក់ថា​ កាលពីដើមសប្តាហ៍នេះ ប្រទេសម៉ារ៉ុកបានប្រកាសថា ខ្លួនកំពុងតាមដានសារដែលបង្ហោះ​ និងចែកចាយលើបណ្តាញសង្គមគ្មានប្រភពច្បាស់ ដែលអំពាវនាវឱ្យមានការឆ្លងដែនទ្រង់ទ្រាយធំនៅថ្ងៃទី១៥ ខែសីហា ជាមួយការព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នករៀបចំ និងអ្នកចូលរួម៕