FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ស៉ី ជីនពីង អំពាវនាវឱ្យពង្រឹងការងារបង្ការគ្រោះមហន្តរាយធម្មជាតិ ខណៈទឹកជំនន់ និងបំណាក់ដីកំពុងវាយប្រហារប្រទេសចិន

15-08-2026 19:04

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានអំពាវនាវឱ្យមានការកែលម្អសមត្ថភាពក្នុងការបង្ការ កាត់បន្ថយផលប៉ះពាល់ និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ បន្ទាប់ពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីឆក់យកអាយុជីវិតជាបន្តបន្ទាប់ក្នុងរដូវក្តៅនេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦។

ការលើកឡើងរបស់លោក ស៉ី ដែលត្រូវបានចុះផ្សាយនាថ្ងៃសៅរ៍នេះ ក្នុងទស្សនាវដ្ដី Qiushi ដែលជាទស្សនាវដ្ដីសំខាន់សម្រាប់ផ្សព្វផ្សាយសាររបស់បក្សកុម្មុយនីស្ត បានធ្វើឡើងបន្ទាប់ពីប្រទេសចិន បានរងផលប៉ះពាល់ដោយព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតប្រចាំឆ្នាំ និងហេតុការណ៍បាក់ដីជាបន្តបន្ទាប់ដែលបានបណ្តាលឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត។ ព្រឹត្តិការណ៍ទាំងនេះ សបញ្ជាក់ពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដែលបង្កឡើងដោយអាកាសធាតុដ៏អាក្រក់ មកលើប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកមួយនេះ។

លោក ស៉ី គូសបញ្ជាក់ថា «នៅពេលដែលការឡើងកម្ដៅផែនដីនៅតែបន្តកើតមាន គ្រោះមហន្តរាយធម្មជាតិនានា ដូចជាភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ព្យុះទីហ្វុង ក៏ដូចជាគ្រោះរាំងស្ងួតចេះតែកើនយ៉ាងខ្លាំង ដែលធ្វើឱ្យផលប៉ះពាល់ដ៏បំផ្លិចបំផ្លាញរបស់វា កាន់តែធ្ងន់ធ្ងរឡើង»។

លោក ស៉ី បានជំរុញឱ្យមានការផ្លាស់ប្តូរទៅរកការបង្ការទុកជាមុនពេលមានគ្រោះមហន្តរាយ ពង្រឹងប្រព័ន្ធតាមដាន និងប្រព័ន្ធជូនដំណឹងជាមុន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយចំណុចខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់ និងប្រព័ន្ធបង្ហូរទឹកនៅក្នុងតំបន់ភាគខាងជើងប្រទេសចិន។ ការលើកឡើងរបស់លោកគឺផ្អែកលើសុន្ទរកថានៅឯកិច្ចប្រជុំនៃការិយាល័យនយោបាយ ថ្ងៃទី ២៨ ខែមេសា។

គួរបញ្ជាក់ថា ព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសចិននៅឆ្នាំនេះ នាំឱ្យរដ្ឋធានីប៉េកាំងរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បង្កជាទឹកជំនន់លើផ្លូវសំខាន់ៗ ខណៈដែលភ្លៀងក៏បានវាយប្រហារតំបន់ជាច្រេីននៃប្រទេសផងដែរ៕