FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សយ៉ាងហោច៣៨នាក់ស្លាប់ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារឥណ្ឌូណេស៉ី (Video inside)

15-08-2026 16:08

(ហ្សាការតា)៖ រញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧,៧រ៉ិចទ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់ បន្ទាប់ពីវាបានវាយប្រហារក្បែរឆ្នេរកោះ Flores របស់ប្រទេសឥណ្ឌូណេស៉ី ហើយបង្កការខូចខាតដែលមិនទាន់អាចកំណត់វិសាលភាពច្បាស់នៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦។

ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS បានឲ្យដឹងថា រញ្ជួយដីខាងលើ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ វេលាម៉ោង ៥៖៥៨នាទី (ម៉ោងក្នុងតំបន់) ខណៈចំណុចរំញ័រកណ្តាលរបស់វា ស្ថិតនៅចម្ងាយប្រហែល ៦៨គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Ende ក្នុងខេត្ត East Nusa Tenggara។ USGS បានកំណត់ជម្រៅរបស់វា គឺ១០គីឡូម៉ែត្រ។ មិនយូរប៉ុន្មានក្រោយរញ្ជួយដីដំបូងនោះ ក៏មានរំញ័រដែលគេហៅថា aftershock មួយចំនួនទៀត កើតឡើងថែមទៀត នៅត្រង់តំបន់ដដែល ជាមួយកម្រិត ៥,៩រ៉ិចទ័រ ៥,៦រ៉ិចទ័រ និង ៦,១រ៉ិចទ័រ។

លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូណេស៉ី BNPB បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា នាពេលនេះ មនុស្សសរុប ៣៨នាក់ ត្រូវបញ្ជាក់ថាបានបាត់បង់ជីវិត ២នាក់រងបានរបួសធ្ងន់ ១១នាក់រងរបួសស្រាល និងប្រជាជនប្រមាណ ២០០០នាក់ បាននាំគ្នាជម្លៀសខ្លួន ហើយការខូចខាតត្រូវបានរាយការណ៍ថា កើតមានឡើងចំពោះ លំនៅដ្ឋាន ឃ្លាំងស្តុកទំនិញ អគាររដ្ឋាភិបាល និងសំណង់ដទៃទៀត។

មេប៉ូលិសខេត្ត East Nusa Tenggara លោក Rudi Darmoko បាននិយាយថា គ្រោះរញ្ជួយដីនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឲ្យអគារជាច្រើនបាក់ស្រុត។ លោកបានបន្ថែមថា ការដាច់ចរន្តអគ្គិសនីនៅតាមទីក្រុងនិងស្រុកភូមិ បានរារាំងលំហូរព័ត៌មាន ហើយធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរុករកនិងជួយសង្គ្រោះ មានភាពស្មុគស្មាញ។

គួរបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយមនិងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី BMKG បានចេញការព្រមានពីរលកយក្សស៊ូណាមិ សម្រាប់បណ្តោយឆ្នេរសមុទ្រដែលរងផលប៉ះពាល់ ដោយជំរុញឲ្យប្រជាជនស្ថិតនៅឱ្យឆ្ងាយពីមាត់ឆ្នេរនិងច្រាំងទន្លេ ហើយផ្លាស់ទីទៅកាន់កន្លែងខ្ពស់មានសុវត្ថិភាព ប៉ុន្តែការព្រមាននេះត្រូវបានដកចេញវិញហើយ។ ប្រទេសឥណ្ឌូណេស៊ី ដែលមានប្រជាជនសរុបជាង ២៧០លាននាក់ រស់នៅលើកោះសរុបប្រហែល ១៧០០០កោះ មានទីតាំងភូមិសាស្រ្តស្ថិតនៅចំកន្លែង គេហៅថា «ខ្សែក្រវាត់ភ្លើង» នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយដី និងបន្ទុះភ្នំភ្លើងញឹកញាប់បំផុត៕