FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើបើកកិច្ចចរចាជាមួយកូរ៉េខាងជើង ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ (Video inside)

15-08-2026 15:16

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នាថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានស្នើចង់ឱ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើង

ដើម្បីបិទបញ្ចប់ជាផ្លូវការសង្គ្រាមកូរ៉េ ស្របពេលដែលទីក្រុងព្យុងយ៉ាង កំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ព្រមទាំងអះអាងពីឋានៈរបស់ខ្លួនជា មហាអំណាចនុយក្លេអ៊ែរ ដែលមិនអាចបកត្រឡប់ក្រោយវិញដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Lee បានលើកសំណើបែបនេះ នៅក្នុងសុន្ទរកថារបស់លោក អំឡុងពិធីរំលឹកខួប នៃការរំដោះឧបទ្វីបកូរ៉េចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន កាលពីឆ្នាំ១៩១០-១៩៤៥។ លោក Lee បានថ្លែងក្នុងសុន្ទរកថាយ៉ាងដូច្នេះថា «ចូរយើងបោះបង់ចោលចេតនាគំរាមកំហែងគ្នាទៅវិញទៅមក ហើយចាប់ផ្តើមការពិភាក្សា ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយនេះ ក្នុងនាមជាភាគីពាក់ព័ន្ធដោយផ្ទាល់»។ លោកបានបន្ថែមថា «តាមរយៈនេះ ក៏អាចមានការពិភាក្សាផងដែរ អំពីវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង»

សំណើរបស់លោក លី ធ្វើឡើង ស្របពេលកូរ៉េខាងជើងក្នុងសប្តាហ៍នេះ បានថ្កោលទោសសមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ដែលនឹងចាប់ផ្តើមនាសប្តាហ៍ក្រោយ ជាមួយការព្រមានឆ្លើយតបដោយវិធានការយោធាយ៉ាងខ្លាំងក្លា។ ទីក្រុងព្យុងយ៉ាង ក៏បានសម្តែងការមិនពេញចិត្តផងដែរ ចំពោះការកសាងកម្លាំងយោធារបស់ជប៉ុននៅប៉ាស៊ីហ្វិក ដោយបានបាញ់មីស៊ីល២គ្រាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ បន្ទាប់ពីទីក្រុងតូក្យូបានប្តេជ្ញាថា នឹងបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ក្រោមស្មារតីបន្ទាន់ ចំពោះមុខស្ថានការណ៍សន្តិសុខគួរឱ្យបារម្ភ។

បើតាមបច្ចេកទេស ប្រទេសកូរ៉េទាំងពីរ គឺសព្វថ្ងៃនៅតែស្ថិតក្នុងស្ថានភាពមានសង្គ្រាមនឹងគ្នា ដោយសារជម្លោះកាលពីឆ្នាំ១៩៥០-១៩៥៣ ដែលបង្កឡើងដោយការវាយប្រហាររបស់កូរ៉េខាងជើង បានបញ្ចប់ទៅតាមរយៈត្រឹមបទឈប់បាញ់ប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពផ្លូវការនោះទេ។ កូរ៉េខាងជើង បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ដែលមិនអាចត្រឡប់ក្រោយវិញ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៩ រវាងលោក គីម ជុងអ៊ុន ជាមួយសមភាគីអាមេរិកគឺ លោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយនៃប្រទេសវៀតណាម បានដួលរលំជុំវិញបញ្ហានៃការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាច កាលពីខែមិថុនា ឆ្នាំ២០២៥ លោក Lee ត្រូវបានមើលឃើញថា ជាប្រធានាធិបតីប្រកាន់ជំហរទន់ភ្លន់ ខណៈវាជាការផ្លាស់ប្តូរពីជំហររបស់អតីតប្រធានាធិបតីមុន គឺ Yoon Suk Yeol ដែលប្រកាន់ជំហរតឹងរ៉ឹង ដោយ Lee បានផ្តល់សំណើបើកកិច្ចចរចា ដោយគ្មានលក្ខខណ្ឌដល់ទីក្រុងព្យុងយ៉ាង ដែលជាប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរ។ កាលពីខែកក្កដាកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងថែមទាំងបានអះអាងថា ទីក្រុងសេអ៊ូលបានបោះបង់ចោលយុទ្ធនាការរបស់ខ្លួន ដែលផ្តោតអាទិភាពជាចម្បងលើ ការដាក់សម្ពាធកូរ៉េខាងជើងឱ្យរំសាយអាវុធនុយក្លេអ៊ែរ ដោយងាកមកផ្តោតលើកិច្ចប្រឹងប្រែងផ្អាកការពង្រីកសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងជំនួសវិញ។

ទោះជាយ៉ាងណា ថ្នាក់ដឹកនាំកូរ៉េខាងជើង មិនទាន់បានឆ្លើយតបទៅនឹងសំណើដដែលៗរបស់លោក Lee នោះទេ ហើយផ្ទុយទៅវិញ បាននិងកំពុងពង្រឹងទំនាក់ទំនងយោធាជាមួយរុស្ស៊ី។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅចុងឆ្នាំនេះ ដែលអាចនឹងពិភាក្សាអំពីការផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់ទីក្រុងម៉ូស្គូ៕