FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនចាត់ទុកសមយុទ្ធយោធារបស់តៃវ៉ាន់ ជាការខំប្រឹងសម្តែងល្ខោនឥតប្រយោជន៍ ដែលដុតបញ្ឆេះភាពភ័យស្លន់ស្លោអំពីសង្រ្គាម (Video inside)

15-08-2026 10:30

(ប៉េកាំង)៖ កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងការពារជាតិនៃប្រទេសចិន បានប្រកាសចាត់ទុកការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំហៅថា Han Kuang របស់តៃវ៉ាន់ ថាជាការសម្តែងល្ខោនឥតបានការ ដែលដុតបញ្ឆេះភាពភ័យស្លន់ស្លោអំពីសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

វាគឺជាការចេញប្រតិកម្មផ្លូវការលើកដំបូងរបស់រដ្ឋាភិបាលចិន ចាប់តាំងពីតៃវ៉ាន់បានចាប់ផ្តើមសមយុទ្ធយោធា ដែលមានរយៈពេលសរុប១០ថ្ងៃ កាលពីសប្តាហ៍មុន។ អំឡុងសមយុទ្ធនេះ មានការហាត់សមលើសេណារីយ៉ូផ្សេងៗគ្នា ក្នុងករណីដែលចិននៅថ្ងៃណាមួយ សម្រេចធ្វើតាមការព្រមានរបស់ខ្លួន ដោយព្យាយាមគ្រប់គ្រង​ដែនកោះនេះ តាមរយៈការប្រើកម្លាំងយោធា។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Chen Xi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធយោធា Han Kuang ដែលធ្វើឡើងរៀងរាល់ឆ្នាំមកនេះ គឺតែងតែជាការសម្តែងល្ខោនឥតប្រយោជន៍មួយប៉ុណ្ណោះ។ លោកបន្តថា ទន្ទឹមគ្នានោះ អាជ្ញាធរគណបក្សកាន់អំណាច DPP នៅតៃវ៉ាន់ បានដុតបញ្ឆេះភាពភ័យស្លន់ស្លោអំពីសង្រ្គាម ពន្លឿនកិច្ចប្រឹងប្រែងប្រែក្លាយទីក្រុងទៅជាសមរភូមិ ហើយរុញច្រានប្រជាជនសាមញ្ញឱ្យចូលពាក់ព័ន្ធក្នុងត្រៀមខ្លួន​សម្រាប់សង្រ្គាម។

លោក Chen បានសង្កត់ធ្ងន់ថា យោធាចិនបន្តប្រុងជើងការខ្ពស់ ហើយត្រៀមលក្ខណៈយ៉ាងពេញលេញជានិច្ច ដោយបន្តឥតឈប់ឈរពង្រឹងសមត្ថភាពប្រយុទ្ធក្នុង​ស្ថានភាពជាក់ស្តែង ដើម្បីទប់ទល់ប្រឆាំងនឹងចលនាប៉ុនប៉ងផ្តាច់ខ្លួន ក៏ដូចជាការជ្រៀតជ្រែកពីខាងក្រៅ ហើយចំណុចនេះ នៅតែជាសន្លឹកបៀដ៏សំខាន់បំផុត សម្រាប់ការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី ព្រមទាំងសម្រាប់រក្សាសុខសន្តិភាពនិងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ចិនបានបង្កើនសម្ពាធទាំងផ្នែកនយោបាយនិងយោធាលើតៃវ៉ាន់ ដែលត្រូវបានចាត់ទុកជាទឹកដីរបស់ខ្លួន។ ទីក្រុងប៉េកាំងមិនដែល​ប្រកាសច្រានចោលលទ្ធភាព នៃការប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ ប៉ុន្តែបានអះអាងថា ខ្លួនចង់បង្រួបបង្រួមគ្នាវិញដោយសន្តិវិធី។ យ៉ាងណាមិញ រដ្ឋាភិបាលតៃវ៉ាន់ប្រកាន់ជំហរថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន ហើយបានរិះគន់ជាប្រចាំលើការដាក់សម្ពាធ​របស់ចិន។ យោធាចិនបាននិងកំពុងធ្វើប្រតិបត្តិការស្ទើរតែរៀងរាល់ថ្ងៃ នៅក្នុងដែនអាកាសនិងទឹកសមុទ្រ ជុំវិញកោះតៃវ៉ាន់៕