FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកដាក់សម្ពាធអឺរ៉ុប ឱ្យគោរពការសន្យាលុបចោលរបាំងពាណិជ្ជកម្ម (Video inside)

14-08-2026 22:19

(ព្រុចសែល)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានជំរុញឱ្យសហភាពអឺរ៉ុប (EU) បន្ធូរបន្ថយច្បាប់បរិស្ថាន និងសង្គមដ៏តឹងរ៉ឹងរបស់ខ្លួនមកលើក្រុមហ៊ុនធំៗ ដោយអាមេរិកអះអាងថា EU ធ្លាប់បានសន្យាថានឹងមិនឱ្យវិធានការទាំងនេះមករារាំងដល់ពាណិជ្ជកម្មទ្វេភាគីឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ EU បានអំពាវនាវឱ្យប្លុកអឺរ៉ុបមួយនេះ គោរពការសន្យាដែលបានធ្វើឡើងក្នុងកិច្ចចរចាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៥ ជុំវិញការលុបបំបាត់ «របាំងពាណិជ្ជកម្មមិនមែនពន្ធគយ»។ លោកបានរិះគន់ថា ច្បាប់របស់អឺរ៉ុបដែលតម្រូវឱ្យក្រុមហ៊ុនអាមេរិកត្រូវរាយការណ៍ពីផលប៉ះពាល់បរិស្ថាន និងលក្ខខណ្ឌការងារនៅតាមខ្សែចង្វាក់ផ្គត់ផ្គង់នោះ កំពុងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មអាមេរិក។

បន្ថែមពីនេះ ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងដាក់សម្ពាធឱ្យ EU កែប្រែយន្តការយកពន្ធកាបូន (CBAM) ដែលយកពន្ធលើការនាំចូលទំនិញដែលមិនគោរពស្តង់ដារកាបូនរបស់អឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា ទោះបីជាកន្លងមក ទីក្រុងព្រុចសែល (Brussels) ធ្លាប់បានបន្ធូរបន្ថយច្បាប់បរិស្ថានមួយចំនួនតាមការរិះគន់របស់អាមេរិកក្តី ប៉ុន្តែប្រភពពីខាង EU បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នអឺរ៉ុបមិនមានគម្រោងធ្វើសម្បទាន ឬបន្ធូរបន្ថយច្បាប់បន្ថែមទៀតនោះទេ ខណៈដែលអ្នកនាំពាក្យគណៈកម្មការអឺរ៉ុប មិនទាន់ធ្វើការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ៕