ស្នាមប្រេងលេចឡើងនៅឈូងសមុទ្រ ខណៈការធ្លាយប្រេងនៅអូម៉ង់គំរាមកំហែងបង្កជាគ្រោះមហន្តរាយបរិស្ថាន (Video inside)
14-08-2026 20:42
(អូម៉ង់)៖ រូបភាពផ្កាយរណប និងវីដេអូបានបង្ហាញថា ស្នាមប្រេងចំនួន ២កន្លែង បានលេចឡើងនៅក្នុងដែនទឹកអ៊ីរ៉ង់ ស្របពេលដែលការវាយប្រហារសងសឹកគ្នាលើនាវាដឹកប្រេងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងបង្កក្តីបារម្ភយ៉ាងខ្លាំងពីការខូចខាតបរិស្ថាននៅក្នុងតំបន់ឈូងសមុទ្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទន្ទឹមនឹងនេះ គ្រោះមហន្តរាយបរិស្ថានក៏កំពុងកើតមានរួចទៅហើយនៅក្រៅច្រកសមុទ្រហ័រមូសក្បែរឆ្នេរអូម៉ង់ ជាទីដែលនាវាដឹកប្រេងរុស្ស៊ី Caroline Bezengi បានជាប់គាំង និងធ្លាយប្រេងចូលតំបន់អភិរក្សសមុទ្រ បង្កើតជាស្នាមប្រេងទំហំរហូតដល់ ២,០០០គីឡូម៉ែត្រការ៉េ។
សម្រាប់ស្នាមប្រេងថ្មីទាំងពីរវិញ គឺស្ថិតនៅខាងក្នុងតំបន់ឈូងសមុទ្រ ដោយស្នាមទីមួយស្ថិតនៅប៉ែកខាងត្បូងកោះ Qeshm ក្បែរឆ្នេរអ៊ីរ៉ង់។ អ្នកស្រាវជ្រាវបរិស្ថានបញ្ជាក់ថា វាជាប្រភេទប្រេងឥន្ធនៈធុនធ្ងន់ ដែលបានសាយភាយរហូតដល់ ១៦០គីឡូម៉ែត្រ។ វីដេអូក៏បានបង្ហាញពីប្រេងពណ៌ខ្មៅអណ្តែតមកទើលើឆ្នេរ Suza នៃកោះ Qeshm នេះផងដែរ។ ចំណែកស្នាមប្រេងទីពីរ ត្រូវបានប្រទះឃើញនៅក្បែរកោះ Sirri ដែលជាតំបន់ផលិតប្រេងនៅកណ្តាលសមុទ្ររបស់អ៊ីរ៉ង់។
មន្ត្រីអង្គការឃ្លាំមើលបរិស្ថាន បានចាត់ទុកករណីនេះថាជា «ឧប្បត្តិហេតុដ៏ធំបំផុត» តាំងពីសង្គ្រាមផ្ទុះឡើង។ គួរកត់សម្គាល់ថា សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងចុះទៅបោសសម្អាតប្រេងទាំងនេះ ជួបការលំបាកយ៉ាងខ្លាំង៕



