FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សរាប់រយនាក់ត្រូវជម្លៀសចេញពីរមណីយដ្ឋានក្នុងប្រទេសក្រូអាស៊ី និងក្រិក ខណៈភ្លើងឆេះព្រៃរាលដាលទូទាំងអឺរ៉ុប (Video inside)

14-08-2026 19:58

(អូមីស)៖ អាជ្ញាធរបានឱ្យដឹងថា ភ្លើងឆេះព្រៃបានឆាបឆេះលំនៅឋានជាច្រើន នៅក្នុងទីក្រុងរមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ស្អាតមួយកន្លែងរបស់ប្រទេសក្រូអាស៊ី (Croatia) កាលពីយប់មិញ ដែលបណ្តាលឱ្យមនុស្ស ៤០នាក់រងរបួស និងបង្ខំឱ្យពលរដ្ឋចំនួន ១,២០០នាក់ ជម្លៀសខ្លួនចេញជាបន្ទាន់។ ហេតុការណ៍នេះកើតឡើងស្របពេលដែលមន្ត្រីសហភាពអឺរ៉ុប (EU) បានព្រមានថា ស្ថានភាពភ្លើងឆេះព្រៃកម្រិត «ធ្ងន់ធ្ងរបំផុត» កំពុងរាលដាលពាសពេញទ្វីប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទន្ទឹមនឹងនេះ នៅប្រទេសក្រិក មនុស្សរាប់រយនាក់ក៏ត្រូវបានជម្លៀសចេញពីទីក្រុងរមណីយដ្ឋានមាត់សមុទ្រនៅភាគខាងជើងផងដែរ ដោយមានការចូលរួមជួយពីទូកនេសាទ ខណៈដែលការជម្លៀសក៏ត្រូវបានធ្វើឡើងនៅឯភូមិមួយក្នុងភាគនិរតីប្រទេសបារាំង។ ដោយឡែក នៅប្រទេសអង់គ្លេសវិញ ភ្លើងឆេះវាលស្មៅដ៏ធំមួយ ក៏បានឆាបឆេះរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផងដែរ។

គួររំលឹកថា រលកកម្តៅកម្រិតកំណត់ត្រា និងគ្រោះរាំងស្ងួត ដែលអ្នកវិទ្យាសាស្ត្រអះអាងថាបណ្តាលមកពីការប្រែប្រួលអាកាសធាតុនោះ បានបង្កើតជាលក្ខខណ្ឌដ៏អំណោយផលបំផុតសម្រាប់ភ្លើងឆេះព្រៃនៅទូទាំងទ្វីបអឺរ៉ុបនារដូវក្តៅនេះ ជាពិសេសនៅក្នុងប្រទេសបារាំង អេស្ប៉ាញ និងក្រិក ខណៈដែលតំបន់បាល់កង់ ក៏បានរងគ្រោះដោយរលកកម្តៅជាច្រើនលើកច្រើនសារផងដែរ៕