FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN ព្រមានថា ជនភៀសខ្លួន ៦៥ម៉ឺននាក់នៅស៊ូដង់ខាងត្បូង អាចបាត់បង់ជំនួយស្បៀងអាហារ ដោយសារខ្វះថវិកា (Video inside)

14-08-2026 19:22

(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បានព្រមាននៅថ្ងៃសុក្រថា ជនភៀសខ្លួនជាង ៦៥០,០០០នាក់ នៅប្រទេសស៊ូដង់ខាងត្បូង អាចនឹងបាត់បង់ជំនួយស្បៀងអាហារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ ដែលអាចបង្ខំឱ្យពួកគេមួយចំនួន ត្រូវប្រថុយជីវិតត្រឡប់ទៅប្រទេសស៊ូដង់ ដែលកំពុងមានសង្គ្រាមវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងទីភ្នាក់ងារជនភៀសខ្លួន UNHCR បានបញ្ជាក់ថា ការផ្តល់ស្បៀងចុងក្រោយសម្រាប់ជនភៀសខ្លួនដែលងាយរងគ្រោះបំផុត នឹងត្រូវបញ្ចប់ត្រឹមខែកញ្ញានេះ ប្រសិនបើគ្មានថវិកាថ្មីចូលមកបន្ទាន់ទេនោះ។ បច្ចុប្បន្ន ពួកគេទទួលបានរបបអាហារត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។

តំណាង UN បានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានថវិកាទេ ចាប់ពីខែតុលាទៅ នឹងគ្មានជនភៀសខ្លួនណាម្នាក់ទទួលបានស្បៀងអាហារទៀតឡើយ ដែលធ្វើឱ្យគ្រួសារជាច្រើនត្រូវកាត់បន្ថយអាហារ លក់ទ្រព្យសម្បត្តិ ជំពាក់បំណុល និងឱ្យកូនឈប់រៀន ខណៈអ្នកខ្លះសុខចិត្តសុំ UN​ ជួយបញ្ជូនពួកគេត្រឡប់ទៅស៊ូដង់វិញ ទោះដឹងថាមានសង្គ្រាមសម្លាប់រង្គាលក៏ដោយ។

គួររំលឹកថា ស៊ូដង់ខាងត្បូងកំពុងជួបវិបត្តិអត់ឃ្លានដ៏អាក្រក់បំផុតមួយ ដោយពលរដ្ឋជាង ៧,៨លាននាក់ កំពុងខ្វះស្បៀងអាហារធ្ងន់ធ្ងរ។ WFP កំពុងត្រូវការថវិកា ៣៧លានដុល្លារបន្ទាន់ សម្រាប់ប្រតិបត្តិការចន្លោះខែតុលា ដល់ខែធ្នូ បើពុំនោះទេ មនុស្សរាប់សែននាក់ទៀតនឹងត្រូវកាត់ផ្តាច់ជំនួយសង្គ្រោះជីវិតនេះ៕