សកម្មភាពពិព័រណ៍និងការចាក់បញ្ចាំងភាពយន្តចិននៅក្រៅប្រទេស ក្រោមប្រធានបទ «ភាពយន្តផ្លូវសូត្រ» សម្ពោធបើកនៅក្រុងប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន
14-08-2026 16:57
(ប៉េកាំង)៖ ថ្ងៃទី១២ ខែសីហា សកម្មភាពពិព័រណ៍និងការចាក់បញ្ចាំងភាពយន្តចិននៅក្រៅប្រទេសក្រោមប្រធានបទ «ភាពយន្តផ្លូវសូត្រ» បានសម្ពោធបើកជាផ្លូវការនៅរោងកុនមួយនៃទីក្រុង ប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តំណាងប្រហែល៣០០នាក់ដែលមកពីមជ្ឈដ្ឋាននានារបស់ចិននិងកៀហ្ស៊ីស៊ីស្ថានបានចូលរួមពិធីបើក។
សូមបញ្ជាក់ថា សកម្មភាពនេះរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)។ ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរចិននិងកៀហ្ស៊ីស៊ីស្ថាន ពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន សកម្មភាពលើកនេះនឹងបញ្ចាំងរឿង «Shenzhou 16» ជាដើមដែលជាភាពយន្តល្អៗរបស់ចិន ដែលមានលក្ខណៈពិសេសដោយឡែកពីគ្នា ដើម្បីបង្ហាញយ៉ាងរស់រវើកពីភាពទាក់ទាញពិសេសនៃវប្បធម៌ចិន និងកម្លាំងចលករនៃឧស្សាហកម្មភាពយន្តចិន។
លោក Li Hua ទីប្រឹក្សាស្ថានទូតចិនប្រចាំកៀហ្ស៊ីស៊ីស្ថានបានថ្លែងថា ផ្លូវសូត្របុរាណជាសក្ខីភាពនៃចំណងមិត្តភាពរយៈពេលជាងពីរពាន់ឆ្នាំរវាងប្រជាជនចិននិងប្រជាជនកៀហ្ស៊ីស៊ីស្ថាន គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» បានបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ ឆ្នាំនេះជាខួប ២៥ឆ្នាំនៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ កៀហ្ស៊ីស៊ីស្ថាននឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ជឿថាសកម្មភាពនេះ នឹងបង្កើនការយល់ដឹងពីគ្នារវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងរឹតបន្តឹងចំណងមិត្តភាព។
មន្ត្រីនៃក្រសួងវប្បធម៌ ព័ត៌មាននិងយុវជនកៀហ្ស៊ីស៊ីស្ថានបានថ្លែងថា សកម្មភាពនេះបានផ្តល់ឱកាសមួយ ដល់ទស្សនិក ជនកៀហ្ស៊ីស៊ីស្ថាន ឱ្យស្គាល់ពីប្រទេសចិនដ៏ទំនើប សង្ឃឹមថាសកម្មភាព «ភាពយន្តផ្លូវសូត្រ» អាចក្លាយជាការចាប់ផ្តើមថ្មីមួយក្នុងដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
វិទ្យុមិត្តភាពកម្ពុជាចិន


