«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»៖ ២១ឆ្នាំ ពីដំណើរអភិវឌ្ឍបៃតងរបស់ចិន ឆ្ពោះទៅកាន់គំរូភាពសកល
14-08-2026 16:55
(ប៉េកាំង)៖ ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច ពិភពលោកធ្លាប់ប្រឈមនឹងសំណួរដ៏ស្មុគស្មាញមួយថា៖ តើយើងត្រូវជ្រើសរើសរវាងកំណើនសេដ្ឋកិច្ច និង ការការពារបរិស្ថាន ឬអាចសម្រេចបានទាំងពីរនៅពេលតែមួយ?
អស់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសជាច្រើនបានដើរតាមគំរូអភិវឌ្ឍន៍ដែលផ្តោតលើការប្រើប្រាស់ធនធានធម្មជាតិ ដើម្បីបង្កើនផលិតកម្ម និងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែការអភិវឌ្ឍបែបនេះក៏បានបង្កើតបញ្ហាបំពុលបរិស្ថាន ការបាត់បង់ធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការថយចុះនៃគុណភាពជីវិត។ ក្នុងបរិបទនេះ ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping បានក្លាយជាគតិបណ្ឌិតដ៏មានគុណតម្លៃមហាសាលមួយ ដែលព្យាយាមដោះស្រាយភាពផ្ទុយគ្នា រវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន។
ទស្សនវិជ្ជានេះត្រូវបានលើកឡើងជាលើកដំបូង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥ ក្នុងអំឡុងពេលលោក Xi Jinping ដែលពេលនោះជាលេខាបក្សខេត្ត Zhejiang ចុះពិនិត្យការងារនៅភូមិ Yucun ស្រុក Anji ខេត្ត Zhejiang ។ ចាប់តាំងពីពេលនោះមក រយៈពេល ២១ឆ្នាំដែលទស្សនវិជ្ជានេះ បានដំណើរការនៅមូលដ្ឋាន ទៅជាគតិ បណ្ឌិតដ៏សំខាន់មួយនៃការកសាង អរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនទាំងមូល។
ចំណុចសំខាន់បំផុតនៃទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» គឺមិនមែនគ្រាន់តែអំពាវនាវឱ្យមនុស្សការពារធម្មជាតិនោះទេ វាថែមទាំងបានផ្លាស់ប្តូររបៀបគិត ពីការមើលធម្មជាតិជាឧបសគ្គ ចំពោះការអភិវឌ្ឍ ទៅជាការមើលធម្មជាតិថា ជាទ្រព្យសម្បត្តិសេដ្ឋកិច្ចដ៏មហាសាល ពោលគឺព្រៃឈើមិនមែនគ្រាន់តែជាឈើ សម្រាប់កាប់យកលក់ទេ នៅពេលដែលទន្លេមិនមែនគ្រាន់តែជាប្រភពទឹកសម្រាប់ប្រើប្រាស់ទេ ហើយភ្នំមិនមែនគ្រាន់តែជា ធនធានរ៉ែទេ។ ធម្មជាតិអាចបង្កើតតម្លៃតាមរយៈទេសចរណ៍អេកូឡូស៊ី កសិកម្មបៃតង ផលិតផលធម្មជាតិ សេវាប្រព័ន្ធ អេកូឡូស៊ី ការអភិរក្សជីវចម្រុះ និងឧស្សាហកម្មបច្ចេកវិទ្យាបៃតង។ ករណីភូមិ Yucun គឺជាទឡ្ហីករណ៍បែបគរុសភាមួយ ដែលត្រូវបានពិភពលោកលើកឡើងជាឧទាហរណ៍យ៉ាងញឹកញាប់។ នេះជាការបង្ហាញថា ការអភិរក្សបរិស្ថាន មិនចាំបាច់មានន័យថាបញ្ឈប់ការអភិវឌ្ឍសេដ្ឋកិច្ចទេ។ ផ្ទុយទៅវិញ វាអាចជាការផ្លាស់ប្តូររបៀបបង្កើតទ្រព្យសម្បត្តិ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងដំណើររបស់ប្រទេសចិន គឺការបម្លែទស្សនវិជ្ជាដែលពីមុនត្រឹមតែជាការអនុវត្ត នៅកម្រិតមូលដ្ឋានទៅជាគោលនយោបាយជាតិ ដោយបានភ្ជាប់ជាមួយការកសាងអរិយធម៌អេកូឡូស៊ី ដែលក្លាយជាផ្នែកសំខាន់នៃទិសដៅអភិវឌ្ឍន៍របស់ចិន។ ក្នុងផែនការសកម្មភាពសម្រាប់ការឈានដល់ កំពូលកាបូនក្នុងអំឡុងផែនការ៥ឆ្នាំទី១៥ (ឆ្នាំ២០២៦-២០៣០) ដែលរដ្ឋាភិបាលចិន បានចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២៦ ប្រទេសចិនកំណត់គោលដៅឱ្យការបញ្ចេញកាបូនិកថយចុះ ១៧%ពីកម្រិតឆ្នាំ២០២៥ និងឱ្យចំណែកថាមពលមិនមែនហ្វូស៊ីល ឡើងដល់ ២៥% នៃការប្រើប្រាស់ថាមពល នៅឆ្នាំ២០៣០។ នេះបង្ហាញថា ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» កំពុងត្រូវបានបម្លែងទៅជាគោលដៅ ដែលវិទ្យាសាស្រ្តអាចវាស់វែងបានយ៉ាងសុក្រឹត។
ចំណុចមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ គឺការពង្រីកទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» នេះពីបញ្ហាបរិស្ថាន ក្នុងប្រទេសចិន ទៅកាន់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ប្រទេសចិនបានដាក់ការឈានដល់កំពូលនៃការបញ្ចេញកាបូន និងអព្យាក្រឹតភាពកាបូនជាផ្នែកមួយនៃទិសដៅអភិវឌ្ឍន៍ របស់ខ្លួន ហើយនៅឆ្នាំ២០២៥ បានចេញសៀវភៅស ស្តីពីផែនការនិងដំណោះស្រាយរបស់ចិន សម្រាប់ការឈានដល់កំពូលកាបូន និងអព្យាក្រឹត ភាពកាបូន ដោយផ្តោតលើការផ្លាស់ប្តូរថាមពល ឧស្សាហកម្ម និងវិស័យសំខាន់ៗទៅរកការអភិវឌ្ឍកាបូនទាប។ នៅឆ្នាំ២០២៥ ក៏មានវេទិកាអន្តរជាតិដែលយកទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» មកពិភាក្សាជាមួយរបៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។ អ្នកជំនាញអន្តរជាតិបានលើកឡើងថា បទពិសោធន៍របស់ប្រទេសចិន បង្ហាញពីកំណើនសេដ្ឋកិច្ច និងការកែលម្អបរិស្ថានអាចកើតមានស្របគ្នា ដំណាលគ្នា និងជួយគ្នាទៅវិញទៅមក។
ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» បាននិងកំពុងក្លាយជាបទពិសោធន៍សម្រាប់ប្រទេសទាំងអស់ ដោយបញ្ជាក់ដោយច្បាស់លាស់ថា ការអភិវឌ្ឍពិតប្រាកដ មិនមែនជាការប្រើប្រាស់ធនធានធម្មជាតិឱ្យអស់លឿនបំផុតទេ ប៉ុន្តែជាការធ្វើឱ្យធនធានធម្មជាតិអាចបង្កើតតម្លៃសម្រាប់ប្រជាជនបានយូរបំផុតនិងប្រកបដោយចីរភាព។ ហើយ ទស្សនវិជ្ជាដ៏មានតម្លៃរបស់លោក Xi Jinping បាននិងកំពុងបន្តបម្លែងទៅជាការអនុវត្តនៅប្រទេសជាច្រើន ដែលឈានឆ្ងាយពីបទពិសោធន៍របស់ចិនក្នុងរយៈពេល២១ឆ្នាំ កន្លងទៅជាផ្នែកដ៏សំខាន់មួយនៃការស្វែងរកមាគ៌ាអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់មនុស្សជាតិទាំងមូល។
ជារួម នៅពេលពិភពលោកកំពុងប្រឈមនឹង ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ កង្វះធនធាន និងបញ្ហាអភិវឌ្ឍន៍មិនស្មើគ្នា នោះចម្លើយដែលឆ្លើយនឹងសំណួរដ៏សំខាន់សម្រាប់មនុស្សជាតិ គឺបទពិសោធន៍របស់ប្រទេសចិន ក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះ បានរំលេចយ៉ាងប្រត្យក្សថា ការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចអាចត្រូវបានរៀបចំឱ្យដើរទន្ទឹមគ្នា ប្រសិនបើមានចក្ខុវិស័យរយៈពេលវែង គោលនយោបាយសមស្រប ការវិនិយោគ បច្ចេកវិទ្យា និងការចូលរួមរបស់សង្គម។ ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» មិនគួរត្រូវបានយល់ត្រឹមតែជាពាក្យស្លោកអំពីបរិស្ថានទេ តែវាគឺជាការអំពាវនាវដល់មនុស្សជាតិ ផ្លាស់ប្តូររបៀបគិតអំពីការអភិវឌ្ឍ ដោយ ១)ពីការយកធម្មជាតិមកប្រើប្រាស់ទៅជាការរស់នៅជាមួយធម្មជាតិ ២)ពីការបំផ្លាញធនធាន ដើម្បីទទួលបានកំណើនរយៈពេលខ្លី ទៅជាការរក្សាទ្រព្យសម្បត្តិធម្មជាតិដើម្បីបង្កើតផលប្រយោជន៍ប្រកបដោយចីរភាព ៣)ពីការមើលបរិស្ថានជាចំណាយ ទៅការមើលបរិស្ថានជាទ្រព្យសម្បត្តិ និង ៤)ពីការអភិវឌ្ឍដែលផ្តោតលើមនុស្សជំនាន់បច្ចុប្បន្ន ទៅការអភិវឌ្ឍដែលគិតគូរ ដល់មនុស្សជំនាន់ក្រោយ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

