FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ព្រមានចាត់វិធានការយោធា ឆ្លើយតបនឹងសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង (Video inside)

14-08-2026 09:55

(សេអ៊ូល)៖ កូរ៉េខាងជើងបានថ្កោលទោសគម្រោងធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយព្រមានថាអាចនឹងឆ្លើយតបវិញជាមួយចាត់វិធានការយោធាយ៉ាងខ្លាំងក្លា។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សមយុទ្ធយោធារួមគ្នាមានរយៈពេល ១១ថ្ងៃ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ក្នុងគោលបំណងពង្រឹងការត្រៀមលក្ខណៈរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងការការពារប្រឆាំងនឹងអ្វីដែលសម្ព័ន្ធមិត្តទាំង២ ចាត់ទុកថាជាការគំរាមកំហែងណាមួយពីសំណាក់កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងតែងតែចាត់ទុកការធ្វើសមយុទ្ធនេះជាការត្រៀមលក្ខណៈឈ្លានពាន ហើយកាលពីដើមសប្ដាហ៍នេះបានដឹកនាំការបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ជាការបញ្ជូនសារបង្ហាញការជំទាស់ទៅនឹង គម្រោងធ្វើសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង។

អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ថាវាជាគោលការណ៍យ៉ាងជាប់លាប់របស់កូរ៉េខាងជើងក្នុងការការពារសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងកម្រិតថ្មីមួយនៃការគំរាមកំហែង ជាមួយការចាត់វិធានការយោធាកម្រិតថ្មីមួយ។ ដោយឡែក បើតាមអត្ថបទមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១៤ ខែសីហា​ ទីក្រុងព្យុងយ៉ាងបានព្រមានថាខ្លួននឹងមិនលើកលែងឱ្យនោះទេចំពោះរដ្ឋជាសត្រូវដែលកំពុងបង្កើតស្ថានការណ៍ប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ។

តាម KCNA កូរ៉េខាងជើងនឹងអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងម៉ឺងម៉ាត់ក្នុងករណីចាំបាច់ ហើយចាត់ទុកថាសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាការត្រៀមលក្ខណៈសម្រាប់ការប្រឈមមុខយោធាជាមួយកូរ៉េខាងជើង។

គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានឈ្មោះថា Ulchi Freedom Shield នឹងមានការចូលរួមពីកងទ័ពកូរ៉េខាងត្បូង ១៨០០០នាក់ និងកងទ័ពមួយចំនួនក្នុងចំណោមកងទ័ពអាមេរិក ២៨៥០០នាក់ ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង៕