ជប៉ុន៖ មនុស្សរាប់ពាន់នាក់ជាប់គាំងនៅឯអាកាសយានដ្ឋាន Narita បន្ទាប់ពីព្យុះភ្លៀងផ្ដាច់ជីវិតមនុស្ស ៤នាក់ (Video inside)
14-08-2026 09:02
(តូក្យូ)៖ ភ្លៀងធ្លាក់ដ៏ខ្លាំងបំបែកកំណត់ត្រាថ្មីមួយ បានធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ត្រូវជាប់គាំងនៅឯអាកាសយានដ្ឋាន Narita ក្នុងទីក្រុងតូក្យូ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ខណៈទឹកជំនន់ជន់លិចបានបង្កការរំខានដល់ការដឹកជញ្ជូន ផ្ទះជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យកម្ពស់ទឹកឡើងដល់ ៣៦០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងនៅតាមផ្នែកខ្លះនៃខេត្ត Chiba ដែលស្ថិតនៅជាប់ទីក្រុងតូក្យូ ដោយបង្កឱ្យជន់លិចផ្លូវផ្លូវដែក និងធ្វើឱ្យប្រជាជនជិត ២៥ ០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ព្រមពេលជាមួយគ្នា ក្រុមមន្ត្រីជប៉ុនក៏បានឱ្យដឹងដែរថាមនុស្ស៤នាក់ត្រូវបានបញ្ជាក់ជាផ្លូវការថាបានស្លាប់ ក្នុងនោះរួមមានមនុស្សម្នាក់ដែលជាប់ក្នុងរថយន្ដមួយ គ្រឿងដែលត្រូវទឹកជន់លិច។
ការបង្កការរំខានដល់សេវាដឹកជញ្ជូនបានធ្វើឱ្យមនុស្ស ៧០០០នាក់ ត្រូវជាប់គាំងនៅឯអាកាសយានដ្ឋាន Narita។ ប៉ុន្តែជើងហោះហើរ ទាំងអស់គ្រោងនឹងត្រូវបើកដំណើរការជាប្រក្រតីឡើងវិញ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ជើងហោះហើរមួយចំនួនត្រូវបានពន្យារពេល តែមិនមានការលុបចោលជើងហោះហើរនោះទេ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ Japan Airlines។ ចំណែក សេវាផ្លូវដែកជាច្រើននៅតែបន្តធ្វើដំណើរការនៅព្រឹកថ្ងៃសុក្រនេះ បើទោះជាផ្លូវរថភ្លើងមួយចំនួនភ្ជាប់ពីទីក្រុង Narita ទៅកាន់ទីក្រុងតូក្យូ បានចាប់ផ្ដើមដំណើរឡើងវិញក៏ដោយ៕

