FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក​​ ហ្សេឡេនស្គី៖ រុស្ស៊ីប្រើមីស៊ីលកូរ៉េខាងជើងវាយប្រហារអ៊ុយក្រែន ដែលសម្លាប់មនុស្ស ៦នាក់ (Video inside)

11-08-2026 20:50

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានចោទប្រកាន់ថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង វាយប្រហារទីក្រុង សាផូរីហ្ស៊ីយ៉ា (Zaporizhzhia) កាលពីព្រឹកថ្ងៃអង្គារ ដែលបណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ និង ២០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេឡេនស្គី បានថ្កោលទោសថា នេះគឺជាការវាយប្រហារដ៏ព្រៃផ្សៃ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយរុស្ស៊ីបានប្រើប្រាស់ទាំងមីស៊ីលកូរ៉េខាងជើង និងគ្រាប់បែកអាកាសបញ្ជាទិសទំនើបៗ។ ទោះជាយ៉ាងណា ទីក្រុងមូស្គូ​ និងទីក្រុងព្យុងយ៉ាង មិនទាន់មានការឆ្លើយតបនៅឡើយទេ។

ក្រៅពីនេះ ការវាយប្រហារកាលពីយប់មិញ ក៏បានសម្លាប់មនុស្ស ៦នាក់ផ្សេងទៀតនៅតំបន់ ឌីនីប្រូ (Dnipropetrovsk) និង ដូណេត (Donetsk) ព្រមទាំងបង្កការឆាបឆេះក្នុងរដ្ឋធានីកៀវ (Kyiv) ផងដែរ។ ជាការឆ្លើយតប ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ខ្លួនគ្រាន់តែវាយប្រហារលើទីតាំងស្តុកគ្រឿងបន្លាស់ដ្រូននៅកៀវ និងរោងចក្រផលិតដែកសម្រាប់យោធានៅសាផូរីហ្ស៊ីយ៉ាប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានប្រើដ្រូនវាយប្រហារសម្លាប់ជនស៊ីវិលរុស្ស៊ី ១៣នាក់ កាលពីថ្ងៃចន្ទ។ បច្ចុប្បន្ន រុស្ស៊ីកំពុងឆ្លៀតវាយប្រហារដោយមីស៊ីលផ្លោងដែលពិបាកស្ទាក់ចាប់ ដោយសារអ៊ុយក្រែនកំពុងខ្វះប្រព័ន្ធការពារដែនអាកាស ខណៈអ៊ុយក្រែនក៏បន្តវាយប្រហាររោងចក្រប្រេងរុស្ស៊ី ដើម្បីកាត់ផ្តាច់ប្រភពសេដ្ឋកិច្ចសង្គ្រាមផងដែរ៕