តុលាការនៅប្រទេសស៉ីរី ផ្តន្ទាទោសប្រហារជីវិតលើអតីតប្រធានាធិបតី Bashar al-Assad (Video inside)
11-08-2026 16:43
(ដាម៉ាស)៖ នាថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ តុលាការនៅប្រទេសស៉ីរី បានសម្រេចផ្តន្ទាទោសប្រហារជីវិតដោយកំបាំងមុខ លើអតីតមេដឹកនាំ លោក Bashar al-Assad ដែលត្រូវបានទម្លាក់ពីអំណាច។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
តុលាការស៉ីរី បានរកឃើញលោក Assad មានទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ក៏ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងសង្រ្គាមស៉ីវិល ដែលមានរយៈពេលជាង១០ឆ្នាំ។ ការចេញសាលក្រមកាត់ទោសនេះ គឺដំបូងគេបង្អស់ធ្វើឡើងនៅក្រោមរដ្ឋាភិបាលអន្តរកាល ដែលក្នុងឆ្នាំនេះបានចាប់ផ្តើមដំណើរការជំនុំជម្រះក្តីលើបុគ្គលពាក់ព័ន្ធនានា នៃរដ្ឋាភិបាលមុន ទាំងមានវត្តមានផ្ទាល់ និងដោយកំបាំងមុខ។
គួរបញ្ជាក់ថា លោក Assad ដែលកាន់តំណែងជាប្រធានាធិបតីស៉ីរី តាំងពីឆ្នាំ២០០០មក បាននាំគ្រួសាររត់ភៀសខ្លួនចេញទៅកាន់ទីក្រុងមូស្គូ នៅពេលដែលក្រុមឧទ្ទាមបានវាយលុកជិតដល់រដ្ឋធានីដាម៉ាស កាលពីខែធ្នូ ឆ្នាំ២០២៤។ បច្ចុប្បន្នប្រទេសស៉ីរី ស្ថិតក្រោមការដឹកនាំនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក Ahmed al-Sharaa ដែលជាអតីតមេចលនាក្រុមឧទ្ទាម៕




