លោក ត្រាំ អះអាងថាមាន «កិច្ចពិភាក្សាដ៏ល្អ» ជាមួយអ៊ីរ៉ង់ តែទីក្រុងតេហេរ៉ង់បដិសេធរហូតទាល់តែអាមេរិកឈប់គំរាម
05-08-2026 20:16
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលរបស់លោកមាន «កិច្ចពិភាក្សាដ៏ល្អប្រសើរ» ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលចរចាកាលពីថ្ងៃអង្គារ។ ដំណឹងវិជ្ជមាននេះបានធ្វើឱ្យតម្លៃប្រេងសកលធ្លាក់ចុះ និងរុញច្រានទីផ្សារភាគហ៊ុន Wall Street ឱ្យហក់ឡើងដល់កម្រិតកំណត់ត្រា ដោយសារក្តីរំពឹងថាច្រកសមុទ្រហ័រមូស នឹងត្រូវបើកឡើងវិញឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងប្រាប់ទូរទស្សន៍ Fox News លោក ត្រាំ បានបញ្ជាក់ថា ការចរចាបានប្រព្រឹត្តទៅពេញមួយថ្ងៃ ហើយច្រកសមុទ្រហ័រមូសនឹងបើកដំណើរការឡើងវិញក្នុងពេលដ៏ខ្លី។ ប៉ុន្តែលោកបានព្រមានថា ប្រសិនបើអ៊ីរ៉ង់ក្រឡាស់សម្តីម្តងទៀត ពួកគេនឹងរងការវាយប្រហារយ៉ាងចាស់ដៃបំផុត។ កន្លងមក លោក ត្រាំ តែងតែគំរាមវាយប្រហារទ្រង់ទ្រាយធំ មុននឹងប្រកាសថាការចរចាមានវឌ្ឍនភាព។
យោងតាមសារព័ត៌មាន Axios អាមេរិក និងអ៊ីរ៉ង់កំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបើកច្រកសមុទ្រនេះ ដោយមានការយល់ព្រមពីប្រទេសអូម៉ង់ ដែលគ្រប់គ្រងដែនទឹកមួយផ្នែកនៅទីនោះ ហើយអាមេរិករំពឹងថានឹងអាចប្រកាសជាផ្លូវការនៅថ្ងៃពុធនេះ។
ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីប្រភពខាងក្នុងថា កិច្ចព្រមព្រៀងជាមួយអូម៉ង់ជុំវិញការបើកច្រកសមុទ្រនេះ នឹងត្រូវពន្យារពេលដោយគ្មានកាលកំណត់ «ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តការគំរាមកំហែងមកលើប្រទេសអ៊ីរ៉ង់»៕

