កូរ៉េខាងត្បូងត្រៀមស្តារគម្រោងផ្លូវដែកភ្ជាប់ទៅកូរ៉េខាងជើង ទោះបីជាទំនាក់ទំនងកំពុងជាប់គាំង
05-08-2026 19:22
(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងចាប់ផ្តើមសាងសង់ឡើងវិញនូវកំណាត់ផ្លូវដែកដែលអាចភ្ជាប់ទៅកាន់ទីក្រុងវ៉ុនសាន (Wonsan) របស់កូរ៉េខាងជើងនៅថ្ងៃអនាគត។ គម្រោងនេះត្រូវបានប្រកាសស្តារឡើងវិញ ក្រោយពីផ្អាកអស់រយៈពេល ១០ឆ្នាំ ទោះបីជាទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង កំពុងស្ថិតក្នុងភាពតានតឹងបំផុតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិ លោក ជុង ដុងយ៉ុង (Chung Dong-young) បានបញ្ជាក់ថា រដ្ឋាភិបាលនឹងជួសជុលកំណាត់ផ្លូវដែក Gyeongwon ដែលបានដាច់នៅក្បែរតំបន់គ្មានកងទ័ព (DMZ) នៅតាមព្រំដែនកូរ៉េខាងជើង។ ផ្លូវដែកដែលផ្តើមចេញពីទីក្រុងសេអ៊ូលនេះ អាចជាចំណុចតភ្ជាប់ដ៏សំខាន់ទៅកាន់ទីក្រុងវ៉ុនសាន ដែលជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ធំរបស់កូរ៉េខាងជើងដែលអាចទទួលភ្ញៀវបាន ២ម៉ឺននាក់។
ការប្រកាសពីគម្រោងផ្លូវដែករបស់កូរ៉េខាងត្បូងនៅពេលនេះ ហាក់ផ្ទុយស្រឡះពីសកម្មភាពរបស់កូរ៉េខាងជើងកាលពីឆ្នាំ២០២៤ ដែលបានបំផ្ទុះកម្ទេចផ្លូវថ្នល់ និងផ្លូវដែកតភ្ជាប់ឆ្លងកាត់ព្រំដែន ដើម្បីប្រកាសចាត់ទុកកូរ៉េខាងត្បូងជា «រដ្ឋអរិភាព»។ យ៉ាងណាមិញ ក្រសួងកូរ៉េខាងត្បូងបានអះអាងថា គម្រោងនេះនឹងជួយជំរុញវិស័យទេសចរណ៍សន្តិភាព និងសកម្មភាពសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្លួនឯងជាមុនសិន៕

