FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា៖ ចាប់តាំងពីខែកក្កដា ទឹកជំនន់បង្កឡើងដោយភ្លៀងរដូវវស្សា និងបំណាក់ដី បណ្តាលឱ្យមនុស្សជាង ១០០នាក់ស្លាប់ (Video inside)

05-08-2026 16:58

(ញូវដែលី)៖ ទិន្នន័យផ្លូវការចេញផ្សាយ នាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញថា ទឹកជំនន់ និងការរអិលបាក់ដី បង្កឡើងដោយភ្លៀងក្នុងរដូវវស្សា បណ្តាលឱ្យមនុស្សជាង ១០០នាក់នៅទូទាំងប្រទេសឥណ្ឌា បាត់បង់ជីវិត ចាប់តាំងពីខែកក្កដាមក ខណៈមនុស្សរាប់ពាន់នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដែលរងការជន់លិច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋ Assam ភាគភាគឦសានប្រទេសឥណ្ឌា មានអ្នកស្លាប់ចំនួន ៨៧នាក់។ ចំណែករដ្ឋ Kerala ភាគខាងត្បូង មនុស្ស ១៥នាក់បានស្លាប់។ ជំរំសង្គ្រោះបន្ទាន់ជាង ៣០០ ត្រូវបានបង្កើតឡើងក្នុងរដ្ឋ Kerala ដោយផ្តល់ទីជម្រកដល់មនុស្សជាង ១០ ០០០នាក់ បន្ទាប់ពីភ្លៀងធ្លាក់បានបង្កឱ្យមានការរអិលបាក់ដី និងទឹកទន្លេជន់លិចច្រាំង។

ទោះជារដូវមូសុងប្រចាំឆ្នាំ នាំមកនូវទឹកភ្លៀងដែលកសិករពឹងផ្អែកក៏ដោយ តែអ្នកវិទ្យាសាស្ត្រលើកឡើងថា បម្រែបម្រួលអាកាសធាតុ ធ្វើឱ្យបាតុភូតនេះកាន់តែពិបាកព្យាករ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិត នៅទូទាំងអាស៉ីខាងត្បូង។

គ្រោះមហន្តរាយទាក់ទងនឹងរដូវមូសុង គឺជាព្រឹត្តិការណ៍អាកាសធាតុ ដែលកើតមានឡើងរៀងរាល់ឆ្នាំ នៅទូទាំងប្រទេសឥណ្ឌា បន្ទាប់ពីរដូវក្តៅដ៏អូសបន្លាយ ធ្វើតំបន់ជាច្រើននៃប្រទេសនេះ ប្រឈមមុខនឹងកង្វះខាតទឹក ក៏ដូចជាគ្រោះរាំងស្ងួត៕