អ៊ុយក្រែនអះអាងថា រុស្ស៉ីចាប់ផ្តើមដាក់ពង្រាយកងអង្គភាពមីស៉ីលកូរ៉េខាងជើង ហើយរំពឹងទទួលបានមីស៉ីលបាលិស្ទីគថ្មីៗ សរុប១២០គ្រាប់ថែមទៀតពីព្យុងយ៉ាង (Video inside)
05-08-2026 15:22
(កៀវ)៖ មន្រ្តីនៅទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន បាននិយាយថា កងអង្គភាពមីស៉ីលរបស់កូរ៉េខាងជើង បានចាប់ផ្តើមដាក់ពង្រាយនៅតំបន់ភាគខាងលិចប្រទេសរុស្ស៉ី ហើយអាចបំពាក់ជាមួយ មីស៉ីលបាលិស្ទីគសរុប១២០គ្រាប់ និងប្រព័ន្ធបាញ់មីស៉ីល៦គ្រឿង សម្រាប់ការវាយប្រហារប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
បច្ចុប្បន្ន អ៊ុយក្រែនកំពុងតែខ្វះខាតខ្លាំង នូវប្រព័ន្ធការពារដែនអាកាសទំនើបៗ ហើយរុស្ស៉ីបានព្យាយាមឆក់ឱកាសលើចំណុចខ្សោយនេះ តាមរយៈការប្រើមីស៉ីលបាលិស្ទីគកាន់តែច្រើន ក្នុងការវាយប្រហារប្រឆាំងអ៊ុយក្រែន ខណៈមីស៉ីលទាំងនោះ គឺពិបាកបាញ់ស្ទាក់។ រុស្ស៉ីបានបាញ់មីស៉ីលបាលិស្ទីគកូរ៉េខាងជើងជាច្រើនគ្រាប់លើអ៊ុយក្រែន ចាប់តាំងពីចុងឆ្នាំ២០២៣មក ប៉ុន្តែការដាក់ពង្រាយកងកម្លាំងមីស៉ីលកូរ៉េខាងជើង នឹងជាការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការយោធាដែលមានលក្ខណៈទូលំទូលាយស្រាប់ រវាងទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាង។
មន្រ្តីចារកម្មយោធារបស់អ៊ុយក្រែន លោក Andrii Cherniak បានអះអាងថា រុស្ស៉ីគ្រោងដាក់កងកម្លាំងមីស៉ីលកូរ៉េខាងជើង ដែលមានបុគ្គលិកប្រមាណ៩០នាក់ ឱ្យឈរជើងនៅតំបន់ Voronezh ភាគខាងលិចប្រទេស នៅក្នុងកងពលតូចមីស៉ីលលេខ១១២ របស់ខ្លួន។ បើតាមលោក Cherniak ថ្មីៗនេះទីក្រុងព្យុងយ៉ាង បានបញ្ជូនមីស៉ីល KN-23 និង KN-24 ឈុតថ្មី ៤០គ្រាប់ រួមជាមួយបុគ្គលិកមួយចំនួន ទៅកាន់រុស្ស៉ីរួចមកហើយ ប៉ុន្តែភាពលម្អិតនៃការដាក់ពង្រាយ និងចំនួនសរុបនៃមីស៉ីល នឹងត្រូវសម្រេចចុងក្រោយ អំឡុងកិច្ចពិភាក្សាជាន់ខ្ពស់ នៅខែកញ្ញាខាងមុខ។ យ៉ាងណាមិញ លោក Cherniak បានបន្ថែមថា រុស្ស៉ីរំពឹងការដាក់ពង្រាយ នឹងមានមីស៉ីលបាលិស្ទីគកូរ៉េខាងជើងសរុប១២០គ្រាប់ និងប្រព័ន្ធសម្រាប់បាញ់៦គ្រឿង។ វាមិនទាន់ច្បាស់នៅឡើយទេថា តើកងអង្គភាពមីស៉ីលកូរ៉េខាងជើង នឹងដើរតួនាទីអ្វីឱ្យប្រាកដ នៅក្នុងប្រតិបត្តិការមីស៉ីលរបស់រុស្ស៉ី។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រុស្ស៉ីបានប្រើមីស៉ីលកូរ៉េខាងជើង២គ្រាប់ ក្នុងការវាយប្រហារលើអ៊ុយក្រែន ដែលជាលើកដំបូង គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៥ ហើយពួកវាត្រូវបានយកចេញពីមីស៉ីល៤០គ្រាប់ថ្មីខាងលើ។ បើតាមលោក Cherniak កូរ៉េខាងជើងបានផ្គត់ផ្គង់មីស៉ីល KN-23 និង KN-24 ឱ្យរុស្ស៉ី ចំនួន១៥០គ្រាប់ គិតត្រឹមចន្លោះពីចុងឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំមុន៕


