បង់ក្លាដែស ស្នើឥណ្ឌាបញ្ជាក់ពីគោលជំហររបស់ខ្លួន ពាក់ព័ន្ធផែនការដែលលោកស្រី Hasina ធ្វើសុន្ទរកថាក្នុងទីក្រុង New Delhi (Video inside)
04-08-2026 17:58
(ដាក្កា)៖ បង់ក្លាដែស បានស្នើទៅកាន់ឥណ្ឌាឱ្យបកស្រាយ ជុំវិញផែនការថ្លែងសុន្ទរកថាតាមអនឡាញ ដោយអតីតនាយករដ្ឋមន្ត្រីនិរទេសខ្លួន លោកស្រី Sheikh Hasina ចេញពីទីក្រុង New Delhi ដោយព្រមានថា ការអនុញ្ញាតឱ្យអ្នកទោសធ្វើសកម្មភាពនយោបាយ អាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦។
«យើងកំពុងឆ្ពោះទៅមុខជាមួយឥណ្ឌា ដោយមានទស្សនវិស័យវែងឆ្ងាយ។ យើងមិនចង់ឱ្យវឌ្ឍនភាពនេះ រងផលប៉ះពាល់ឡើយ។ ឥណ្ឌាត្រូវតែមានភាពច្បាស់លាស់ អំពីគោលជំហររបស់ខ្លួន»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោកស្រី Shama Obaed Islam។
លោកស្រី Hasina ត្រូវបានគេរំពឹងថា នឹងចូលរួមព្រឹត្តិការណ៍មួយតាមប្រព័ន្ធវីដេអូ នាថ្ងៃទី៥ ខែសីហា រួមជាមួយកូនប្រុស គឺលោក Sajeeb Wazed Joy និងវាគ្មិនដទៃទៀត។ ព្រឹត្តិការណ៍នេះរៀបចំនៅក្នុងទីក្រុងញូវដែលី ដោយក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសប្រចាំអាស៉ីខាងត្បូង។ ទាក់ទងនឹងកង្វល់របស់រដ្ឋាភិបាលបង់ក្លាដែស ក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសមួយនេះ មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា ទីក្រុងដាក្កា បន្តស្វែងរកការធ្វើបត្យាប័នលោកស្រី Hasina មកពីឥណ្ឌា ជាទីដែលលោកស្រីកំពុងរស់នៅ ចាប់តាំងពីបានភៀសខ្លួនចេញពីបង់ក្លាដែស កាលពីខែសីហា ឆ្នាំ២០២៤។ ទោះបីជាមានសំណុំរឿងច្រើន ប្រឆាំងនឹងលោកស្រីក៏ដោយ តែលោកស្រី Hasina បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយថា លោកស្រីគ្រោងត្រឡប់ទៅបង់ក្លាដែសវិញ នាខែធ្នូ៕
