FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនថាឃើញមានភាពចាំបាច់​បន្ទាន់​ ក្នុង​ការ​ពង្រឹង​វិស័យយោធា

04-08-2026 14:56

(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា ជប៉ុនចាំបាច់ត្រូវពង្រឹងយោធារបស់ខ្លួន ដោយប្រកាន់ស្មារតីនៃភាពបន្ទាន់និងវិបត្តិ ខណៈការវាយតម្លៃថ្មីរបស់រដ្ឋាភិបាល បានគូសរំលេចជាថ្មីម្តងទៀត អំពីហានិភ័យដែលកំពុងកើនឡើងពីសំណាក់ចិន កូរ៉េខាងជើង និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ AFP។

បច្ចុប្បន្ន ជប៉ុនកំពុងបង្កើនការចំណាយលើវិស័យយោធា និងកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់អាស៊ីរួចជាស្រេច ដោយដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលទៅកាន់កោះដាច់ស្រយាល ស្វែងរកសមត្ថភាពដើម្បីវាយប្រហារបកតបត ហើយបន្ធូរបន្ថយច្បាប់ស្តីពីការនាំចេញសព្វាវុធ។ ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi នៅក្នុងបុព្វកថានៃសៀវភៅសការពារជាតិប្រចាំឆ្នាំ បាននិយាយថា «វាជាការចាំបាច់ដែលជប៉ុនត្រូវពង្រឹងនិងផ្លាស់ប្តូរសមត្ថភាពការពារជាតិរបស់ខ្លួន ជាមួយនឹងស្មារតីនៃភាពបន្ទាន់និងវិបត្តិ ខ្លាំងជាងពេលណាៗទាំងអស់»។

លោកបានបន្ថែមថា នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក «មិនមែនត្រឹមតែចិននិងកូរ៉េខាងជើង កំពុងពង្រឹងសមត្ថភាពយោធារបស់ពួកគេបន្ថែមទៀតប៉ុណ្ណោះទេ ចិន-រុស្ស៊ី និងរុស្ស៊ី-កូរ៉េខាងជើង ក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេផងដែរ»។ សៀវភៅសការពារជាតិថ្មីរបស់ជប៉ុន បានលើកឡើងថា ប្រទេសចិនកំពុងបង្កើនសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ជុំវិញប្រទេសជប៉ុន ដោយពង្រីកហួសពីតំបន់ខ្សែបន្ទាត់ first island chain មកកាន់ខ្សែបន្ទាត់ second island chain

សៀវភៅសខាងលើ បានលើកពីឧប្បត្តិហេតុជាបន្តបន្ទាប់ កាលពីក្នុងឆ្នាំ២០២៥ រួមមានទាំងសកម្មភាពនានារបស់នាវាផ្ទុកយន្តហោះចម្បាំងចិន និងការធ្វើដំណើរឆ្ពោះមកកៀកខុសពីធម្មតា ដោយយន្តហោះយោធាចិន មករកយន្តហោះជប៉ុន ក្នុងឧប្បត្តិហេតុ២លើក កាលពីខែមិថុនា និងកក្កដាកន្លងទៅនេះ។ ជប៉ុនបានចល័តយន្តហោះចម្បាំងសរុប ៥៩៥ លើក ក្នុងរយៈពេល១ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងនោះរួមទាំងការចល័ត៣៦៦លើក ប្រឆាំងនឹងយន្តហោះចិន និង ២១៤លើក សម្រាប់យន្តហោះរុស្ស៊ី។ តួលេខនេះគឺធៀបជាមួយ ៧០៤លើកកាលពីឆ្នាំ២០២៤ ហើយជាចំនួនទាបបំផុត គិតចាប់តាំងពីយ៉ាងហោចឆ្នាំ២០២១។

កាលពីខែមេសា ជប៉ុនបានសម្រេចលុបចោលបម្រាម ដែលខ្លួនបានដាក់លើការនាំចេញអាវុធ ប៉ុន្តែសៀវភៅសបានគូសរំលេចពី បញ្ហានៅក្នុងឧស្សាហកម្មផលិតរបស់ប្រទេសជប៉ុន ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការងារលទ្ធកម្ម និងការច្នៃប្រឌិត។

លោក Koizumi ក៏បាននិយាយផងដែរថា រូបលោក និងសមភាគីអាមេរិក គឺលោក Pete Hegseth បានផ្លាស់ប្តូរទស្សនៈគ្នាដោយត្រង់ៗ អំពីសម្ព័ន្ធភាពអាមេរិក-ជប៉ុនដែលមិនរង្គោះរង្គើ និងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយហ្វីលីពីន អូស្ត្រាលី និងកូរ៉េខាងត្បូង ដើម្បីសម្រេចបានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ ដែលសេរីនិងបើកចំហ។

លោក Koizumi បានបន្ថែមថា «នៅពេលដែលបរិយាកាសសន្តិសុខកាន់តែមានលក្ខណៈធ្ងន់ធ្ងរឡើងយ៉ាងឆាប់រហ័ស អ្វីដែលចាំបាច់ឥឡូវនេះ គឺការពង្រឹងភាពធន់នឹងវិបត្តិផ្សេងៗ នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ ដើម្បីអាចធ្វើដូច្នោះ ជប៉ុននឹងកសាងក៏ដូចជាពង្រីកបណ្តាញពហុស្រទាប់ នៅក្នុងចំណោមសម្ព័ន្ធមិត្ត និងបណ្តាប្រទេសដែលមានការគិតដូចគ្នា ហើយបង្កើនការតភ្ជាប់ជាមួយប្រទេសមានចិត្តគំនិតដូចគ្នា និងប្រទេសដទៃទៀត ក្នុងគ្រប់វិស័យ»

គួរបញ្ជាក់ថា ចិនបានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះអ្វីដែលខ្លួនមើលឃើញថា ជាការវិលត្រឡប់ទៅរក «យោធានិយមថ្មី» ដោយជប៉ុន ខណៈទំនាក់ទំនងរវាងប្រទេសទាំងពី កាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីការអត្ថាធិប្បាយអំពីកោះតៃវ៉ាន់ កាលពីឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi៕