ជាង១ខែក្រោយរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ចំនួនអ្នកស្លាប់កើនឡើងលើស៦០០០នាក់ និងបន្តបាត់ខ្លួនអាចដល់ខ្ទង់១០០០០នាក់ (Video inside)
04-08-2026 13:30
(ការ៉ាកាស)៖ លោក Jorge Rodriguez ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ ថាគ្រោះរញ្ជួយដីភ្លោះ ដែលបានវាយប្រហារប្រទេសអាមេរិកខាងត្បូងមួយនេះ កាលពីខែមិថុនា បានសម្លាប់មនុស្សសរុប ៦១២៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តួលេខដែលបានធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយនេះ គឺបន្ទាប់ពីការរញ្ជួយដី២ផ្ទួនគ្នា កម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៤ ខែមិថុនា បណ្តាលឲ្យអគារយ៉ាងហោចជិត២០០ខ្នងដួលរលំ ភាគច្រើនស្ថិតនៅក្នុងរដ្ឋ La Guaira ដែលជាតំបន់ឆ្នេររងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
ក្រៅពីអ្នកស្លាប់ មនុស្សជិត១៧ ០០០នាក់ផ្សេងទៀត ក៏បានរងរបួសដោយសាររញ្ជួយដីផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីអភិបាលរដ្ឋ La Guaira លោក Jose Alejandro Teran ដែលបាននិយាយថា មនុស្សប្រមាណ ១៤០០នាក់ នៅបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះមហន្តរាយនេះ។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា មិនបានបញ្ចេញជាផ្លូវការ នូវចំនួនមនុស្សដែលបាត់ខ្លួននោះទេ ប៉ុន្តែការព្យាកររបស់អ្នកជំនាញបានបង្ហាញថា តួលេខនេះអាចដល់ ១០០០០នាក់។
បន្ថែមពីលើអគារចំនួន១៩០ខ្នង ដែលត្រូវបានបំផ្លាញទាំងស្រុង អាជ្ញាធរបានចាត់ថ្នាក់សំណង់ជាង ១៦,២០០ខ្នង ថាមិនមានសុវត្ថិភាព ដែលជំរុញឲ្យមនុស្សជាច្រើនត្រូវចាកចេញ។ មនុស្សជិត ២៤០០០នាក់នៅរដ្ឋ La Guaira ក៏ដូចជារដ្ឋធានីការ៉ាកាស កំពុងបន្តរស់នៅតាមមជ្ឈមណ្ឌលជ្រកកោនបណ្ដោះអាសន្ន បន្ទាប់ពីគ្រោះរញ្ជួយដី។
កាលពីថ្ងៃសុក្រសប្តាហ៍មុន សភាវ៉េណេស៊ុយអេឡា បានអនុម័តជាឯកច្ឆន្ទ នូវច្បាប់មួយដែលធ្វើឲ្យការជួលអចលនទ្រព្យ មានភាពងាយស្រួលជាងមុន។ វិធានការនេះ ដែលមានគោលបំណង ជួយជនរងគ្រោះដោយសាររញ្ជួយដីដែលត្រូវផ្លាស់ទីលំនៅ បានលុបចោលច្បាប់ប្រឆាំងការជួលលំនៅដ្ឋាន ដែលត្រូវបានអនុម័តតាំងពីជំនាន់រដ្ឋបាលអតីតមេដឹកនាំមុនៗ។
គួរបញ្ជាក់ថា សព្វថ្ងៃ លោកស្រី Delcy Rodriguez កំពុងដឹកនាំវ៉េណេស៊ុយអេឡា ក្នុងនាមជាប្រធានាធិបតីស្តីទី ក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីកងកម្លាំងយោធាអាមេរិក បានផ្តួលរលំនិងចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro កាលពីខែមករា ដើមឆ្នាំនេះ៕


