FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតមេបញ្ជាការអ៊ុយក្រែន មើលមិនឃើញពីក្តីសង្ឃឹមថាអ៊ុយក្រែនអាចក្លាយជាសមាជិក NATO (Video inside)

04-08-2026 10:21

(Reuters)៖ អតីតមេបញ្ជាការកំពូលម្នាក់របស់អ៊ុយក្រែន និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំចក្រភពអង់គ្លេសបាននិយាយថារូបលោកមើលមិនឃើញថាមានក្ដីសង្ឃឹមដែលប្រទេសរបស់លោកអាចក្លាយជាសមាជិករបស់ NATO ជាក្ដីប្រាថ្នាមួយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែននោះទេ។ នេះបើតាមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកសារព័ត៌មាន Evropeiska Pravda ដែលបានដកស្រង់សម្ដីរបស់លោក Valery Zaluzhnyi ចុះផ្សាយកាលពីថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦។ ថ្លែងទៅកាន់ក្រុមឯកអគ្គរដ្ឋទូតអ៊ុយក្រែនក្នុងកិច្ចប្រជុំមួយ លោក Zaluzhnyi បាននិយាយថាអ៊ុយក្រែនប្រហែលជាគ្មានផ្លូវអាចបំពេញតាមស្ដង់ដារយោធាដែលត្រូវបានតម្រូវជាចាំបាច់ដើម្បីចូលរួមជាមួយ​ NATO នោះឡើយ។

«ខ្ញុំស្គាល់ NATO ច្បាស់ណាស់។ ប្រើពេលជាង ១២ឆ្នាំ។ ខ្ញុំបានធ្វើការដោយផ្ទាល់ដើម្បីធ្វើឱ្យប្រាកដថាយើងអាចបំពេញតាមតម្រូវការស្ដង់ដាររបស់ NATO ហើយជារៀងរាល់ឆ្នាំ ខ្ញុំតែងតែស្ដាប់ឮពីការសន្យា និងការនិយាយពីវិធីដែលយើងអាចចូលរួមជាមួយ NATO រហូតមកទល់នឹងសព្វថ្ងៃ។ ប៉ុន្តែគួរឱ្យស្ដាយ យើងនឹងមិនអាចចូលរួមជាមួយ NATO បានទេ»។ នេះជាការលើកឡើងរបស់លោក Valery Zaluzhnyi។

គួរបញ្ជាក់ថា អ៊ុយក្រែន បានបញ្ចូលគោលដៅជាយុទ្ធសាស្ត្រចង់ចូលរួមជាមួយ NATO និងសហភាពអឺរ៉ុប ទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ប៉ុន្តែបានទទួលស្គាល់ថាបច្ចុប្បន្ន អ៊ុយក្រែននឹងមិនត្រូវបានស្វាគមន៍ឱ្យចូលរួមជាមួយ NATO ពីសំណាក់រដ្ឋជាសមាជិកទាំងអស់នោះទេ៕