FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន FIFA ស្វែងរកការគាំទ្រពីលោក ត្រាំ ក្រោយបរាជ័យក្នុងផែនការលក់សិទ្ធិពាណិជ្ជកម្ម World Cup (Video inside)

03-08-2026 20:51

(ញូវយ៉ក)៖ សារព័ត៌មាន New York Post បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក ហ្សានី អ៊ីនហ្វានទីណូ (Gianni Infantino) កំពុងស្វែងរកការគាំទ្រពីរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងជុំវិញការបរាជ័យនៃផែនការលក់ភាគហ៊ុនសិទ្ធិពាណិជ្ជកម្មព្រឹត្តិការណ៍ World Cup។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

របាយការណ៍បានបញ្ជាក់ថា លោក អ៊ីនហ្វានទីណូ បានព្យាយាមទាក់ទងទូរស័ព្ទទៅកាន់លោក ត្រាំ ជាច្រើនលើក ប៉ុន្តែមិនបានសម្រេចឡើយ ខណៈលោកកំពុងមានអារម្មណ៍ថា «ឯកោ» ចំពោះការរិះគន់យ៉ាងចាស់ដៃពីប្រព័ន្ធផ្សព្វផ្សាយ។ ប្រភពបានក៏បានបង្ហើបទៀតថា លោក អ៊ីនហ្វានទីណូ ក៏មានគម្រោងជួបពិភាក្សាឯកជនជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ផងដែរ។

គួរបញ្ជាក់ថា ផែនការរបស់លោក អ៊ីនហ្វានទីណូ ក្នុងការស្វែងរកប្រាក់ ៤,២ពាន់លានដុល្លារ តាមរយៈការលក់ភាគហ៊ុន ២០ភាគរយនៃសិទ្ធិគ្រប់គ្រង World Cup ទៅឱ្យអ្នកវិនិយោគឯកជន ត្រូវបានបោះបង់ចោលកាលពីថ្ងៃសុក្រ ក្រោយរងការប្រឆាំងយ៉ាងខ្លាំងពីសហព័ន្ធបាល់ទាត់នានា។ ការបរាជ័យដ៏ធំនេះ កំពុងក្លាយជាឧបសគ្គដ៏ធ្ងន់ធ្ងរសម្រាប់លោក អ៊ីនហ្វានទីណូ វ័យ ៥៦ឆ្នាំ ដែលមានមហិច្ឆតាចង់ឈរឈ្មោះជាប្រធាន FIFA សម្រាប់អាណត្តិថ្មី (២០២៧-២០៣១) ផងដែរ៕