ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងមុខប៉ុស្តិ៍ប៉ូលិសប៉ាគីស្ថាន សម្លាប់មនុស្ស ១៧នាក់ និងរបួស ៣៤នាក់
03-08-2026 19:48
(ប៉េស្យាវ៉ា)៖ អាជ្ញាធរប៉ាគីស្ថានបានប្រកាសថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងមុខប៉ុស្តិ៍ប៉ូលិសមួយកន្លែង ក្នុងខេត្តឃីបឺ ប៉ាក់តុងក្វា (Khyber Pakhtunkhwa) ភាគពាយ័ព្យប្រទេស កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ និង ៣៤នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
ការផ្ទុះនេះកើតឡើងស្របពេលដែលមានការជួបជុំគាំទ្រប៉ូលិសពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ទោះបីជាគេមិនទាន់ច្បាស់ថាជាគោលដៅវាយប្រហារក៏ដោយ ប៉ុន្តែក្រុមសកម្មប្រយុទ្ធឥស្លាម TTP បានចេញមុខទទួលខុសត្រូវរួចហើយ។ អាជ្ញាធរបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមានមន្ត្រីប៉ូលិស ៧នាក់ ជនស៊ីវិល ៩នាក់ និងម្នាក់ទៀតត្រូវបានសង្ស័យថាជាខ្មាន់គ្រាប់បែកអត្តឃាត។
ជុំវិញសោកនាដកម្មនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) បានសម្តែងក្តីសោកសង្រេងយ៉ាងក្រៀមក្រំបំផុត ខណៈកម្លាំងប៉ូលិសកំពុងបើកប្រតិបត្តិការតាមប្រមាញ់អ្នកពាក់ព័ន្ធ។ គួររំលឹកថា អំពើហិង្សានៅតាមតំបន់ព្រំដែនប៉ាគីស្ថានបានកើនឡើងយ៉ាងគំហុកនាពេលថ្មីៗនេះ ដោយផ្តោតលើការវាយប្រហារប៉ូលិស និងយោធា ដែលប៉ាគីស្ថានតែងតែចោទប្រកាន់ថារដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន ជាអ្នកផ្តល់ការគាំទ្រពីក្រោយខ្នង ប៉ុន្តែត្រូវបានតាលីបង់បដិសេធជានិច្ច៕
