សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃនៅរដ្ឋវ៉ាស៉ីនតោន បង្ខំឱ្យមនុស្ស ៦០០០០នាក់ជម្លៀសខ្លួន
03-08-2026 16:55
(វ៉ាស៉ីនតោន)៖ មនុស្សប្រហែល ៦០ ០០០នាក់ ត្រូវបានណែនាំឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលភ្លើងឆេះព្រៃ គំរាមកំហែងដល់ទីក្រុង Spokane នៃរដ្ឋវ៉ាស៉ីនតោន សហរដ្ឋអាមេរិក ដោយមន្រ្តីក្នុងតំបន់បានឱ្យដឹងថា អគ្គិភ័យបានបំផ្លាញ អគារចំនួន៦០០ ដែលរួមមានទាំងផ្ទះពលរដ្ឋ និងទីតាំងអាជីវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦។
លោក Tom Williams ប្រធានផ្នែកពន្លត់អគ្គិភ័យក្រុង Spokane ប្រាប់ Reuters ថាភ្លើងឆេះ ៣ទីតាំងដាច់ ដោយឡែកពីគ្នា កំពុងគំរាមកំហែងដល់តំបន់ ដែលស្ថិតក្រោមបញ្ជាឱ្យជម្លៀសប្រជាជន។ គិតត្រឹមថ្ងៃអាទិត្យ ភ្លើងបានឆាបឆេះផ្ទៃដីអស់ទំហំ ២១៨០ហិកតា ហើយនៅមិនទាន់អាចគ្រប់គ្រងបានទេ។
តាមលោកស្រី Heather Rosentrader នាយិកាប្រតិបត្តិក្រុមហ៊ុន Avista Utilities អតិថិជនប្រហែល ១០ ០០០នាក់ នៅក្នុងតំបន់នេះ មិនមានអគ្គិសនីប្រើប្រាស់ទេ គិតត្រឹមរសៀលថ្ងៃអាទិត្យ។ មន្ត្រីរដ្ឋបានឱ្យដឹងថា ផ្ទៃដី ១០១ ១៧១ហិកតា កំពុងរងការឆាបឆេះនៅទូទាំងរដ្ឋវ៉ាស៉ីនតោន។
លោក Bob Ferguson អភិបាលរដ្ឋវ៉ាស៉ីនតោន អះអាងថាបាននិយាយជាមួយ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងបានស្នើសុំជំនួយពីទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) ជាមួយការប្រកាសដាក់រដ្ឋ ក្នុងគ្រាអាសន្ន។ ក្រុមមន្ត្រីនានា បានឱ្យដឹងថា មិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួស ឬបាត់បង់ជីវិតទេ៕



