អ៉ីរ៉ង់ប្រហារជីវិតមនុស្ស២នាក់ទៀត ក្រោមបទចោទប្រកាន់លួចយកការណ៍ឱ្យអ៉ីស្រាអែល អំឡុងពេលផ្ទុះសង្រ្គាម (Video inside)
03-08-2026 15:22
(តេហេរ៉ង់)៖ នាថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ អ៉ីរ៉ង់បានប្រកាសពីការប្រហារជីវិត បុរសពីរនាក់ដែលត្រូវបានកាត់ទោស ពីបទលួចផ្តល់ការណ៍សម្ងាត់ឲ្យទៅអ៉ីស្រាអែល ខណៈវាជាករណីចុងក្រោយបង្អស់ ក្នុងចំណោមការប្រហារជីវិតជាបន្តបន្ទាប់ ធ្វើឡើងក្នុងប្រទេសអ៉ីរ៉ង់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទចារកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ចាប់តាំងពីពេលផ្ទុះសង្គ្រាមជាមួយអ៉ីស្រាអែលនិងសហរដ្ឋអាមេរិក កាលពីខែកុម្ភៈមក ទីក្រុងតេហេរ៉ង់ បានបង្កើនការប្រហារជីវិតក្នុងប្រទេសរបស់ខ្លួន ដោយអ្នកទោសជាច្រើន ត្រូវបានចោទប្រកាន់ពីបទលួចយកការណ៍ឲ្យចារកម្មអ៉ីស្រាអែល។
សារព័ត៌មាន Mizan ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រព័ន្ធតុលាការអ៉ីរ៉ង់ បានឲ្យដឹងថា «បុគ្គលឈ្មោះ Omid Behzad និងឈ្មោះ Pouria Safvat ត្រូវបានព្យួរកនៅព្រឹកនេះ ពីបទបញ្ជូនព័ត៌មានទីតាំងយោធានិងសន្តិសុខសំខាន់ៗ ទៅកាន់ភ្នាក់ងារ Mossad» ដោយសំដៅលើទីភ្នាក់ងារធ្វើចារកម្មបរទេសរបស់ប្រទេសអ៉ីស្រាអែល។
Mizan មិនបានបញ្ជាក់ពីពេលដែលអ្នកទាំងពីរត្រូវបានចាប់ខ្លួន ឬក៏ពេលដែលពួកគេ បានឡើងសវនាការជំនុំជម្រះក្តីនោះទេ ប៉ុន្តែបាននិយាយថា ពួកគេត្រូវបានកាត់ទោសពីបទ «ចារកម្ម និងសហការជាមួយរបប Zionist»។ Mizan បានបន្ថែមថា «ពួកគេបានជួយបណ្តាញចារកម្មអ៉ីស្រាអែល សម្រេចគោលដៅដោយផ្តល់ព័ត៌មានអំពីមូលដ្ឋានយោធា និងមជ្ឈមណ្ឌលសន្តិសុខ កាលពីអំឡុងសង្គ្រាម»។
ចំនួននៃការប្រហារជីវិតនៅក្នុងប្រទេសអ៉ីរ៉ង់ បានកើនឡើងចាប់តាំងពីការផ្ទុះសង្គ្រាម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ តាមរយៈការវាយប្រហារទ្រង់ទ្រាយធំរួមគ្នា របស់សហរដ្ឋអាមេរិក-អ៉ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៉ីរ៉ង់។ យោងតាមក្រុមសិទ្ធិមនុស្ស រួមទាំងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អ៉ីរ៉ង់ជាប់ជាប្រទេសដែលមានការប្រហារជីវិតច្រើនជាងគេលំដាប់ទីពីរ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។
គួរបញ្ជាក់ថា អាជ្ញាធរអ៉ីរ៉ង់ បានប្រហារជីវិតមនុស្សយ៉ាងហោច ១ ៦៣៩នាក់ កាលពីឆ្នាំ២០២៥ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ១៩៨៩។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សអ៉ីរ៉ង់ Iran Human Rights ដែលជាអង្គការក្រៅរដ្ឋាភិបាល មានមូលដ្ឋាននៅប្រទេសន័រវែស ហើយនិងអង្គការរួមគ្នាប្រឆាំងទោសប្រហារជីវិត (ECPM) ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងប៉ារីសប្រទេសបារាំង។
កាលពីថ្ងៃអង្គារសប្តាហ៍មុន អង្គការ Amnesty International បានថ្កោលទោសអ្វីដែលខ្លួនបានហៅថា ការកើនឡើងគួរឱ្យបារម្ភ នៃការប្រហារជីវិត បន្ទាប់ពីអ៉ីរ៉ង់បានប្រកាសពីការព្យួរកបុរសពីរនាក់ ដែលត្រូវបានរកឃើញថា មានទោសពីបទចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល កាលពីអំឡុងរដូវរងាចន្លោះឆ្នាំមុន និងឆ្នាំនេះ៕

