FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សរាប់ពាន់នាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ខណៈភ្លើងឆេះព្រៃលុកលុយរដ្ឋវ៉ាស៊ីនតោន

02-08-2026 14:19

(Reuters)៖ ភ្លើងឆេះដែលកំពុងឆាបឆេះយ៉ាងលឿនរហ័ស នៅក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់ ទៅកាន់កន្លែងមានសុវត្ថិភាព ចំពោះមុខការដាច់រចន្តអគ្គិសនីនៅតាមតំបន់ជាច្រើនក្នុងទីក្រុង Spokane។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ថាមនុស្ស ៤០០០នាក់កំពុងតស៊ូប្រយុទ្ធតតាំងនឹងភ្លើងឆេះព្រៃរាប់សិបកន្លែងនៅទូទាំងរដ្ឋវ៉ាស៊ីនតោន។ ព្រមពេលជាមួយគ្នា អភិបាលរដ្ឋវ៉ាស៊ីនតោន លោក Bob Ferguson បានប្រកាសភាពអាសន្នទូទាំងរដ្ឋ និងដាក់ចេញបម្រាមមិនឱ្យមានការបង្កាត់ភ្លើងអ្វីទាំងអស់។ មកទល់នឹងពេលនេះ ​មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬស្លាប់ដោយសារ ឬក៏ជាប់ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃនោះទេ។

Spokane ជាទីក្រុងមួយមានប្រជាជនរស់នៅ ២៣០ ០០០នាក់ ស្ថិតនៅភាគខាងកើតរដ្ឋវ៉ាស៊ីនតោន កំពុងប្រយុទ្ធតតាំងជាមួយអណ្ដាតភ្លើងឆេះព្រៃឈ្មោះ Old ​Trails Fire ដែលក្រុមមន្ត្រី បានបញ្ជាក់ថាកំពុងឆាបឆេះយ៉ាងលឿនរហ័ស និងគំរាមកំហែងដល់ផ្ទះ ឬអគារ ៤០០០ខ្នង។ គិតត្រឹមម៉ោង ៣៖៣០នាទី រសៀលថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) ប្រជាជនរស់នៅក្នុងផ្ទះ ២០០ខ្នង ក្នុងទីក្រុង Spokane ត្រូវបានជម្លៀស តែក្រុមមន្ត្រីបានបញ្ជាក់ថាតួលេខនេះនឹងប្រែប្រួល៕